ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានវាយតម្លៃខ្ពង់ចំពោះ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី២៧ មិថុនា ដែលរៀបចំដោយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស ក្រោមគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ លើកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច សម្រេចបានសមិទ្ធិផលធំៗ នាពេលកន្លងមក រួមមាន៖ ១.ចងក្រង និងបោះពុម្ពសៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលត្រូវបានទទួលស្គាល់ លើឆាកអន្តរជាតិ និងជាប់ជ័យលាភីជា «សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ» ២ឆ្នាំជាប់គ្នា និងជា «សៀវភៅម្ហូបឆ្នើមដែលរៀបរៀង ដោយថ្នាក់ដឹកនាំនៃរដ្ឋ» ។ ២.រៀបចំវេទិកាធុរកិច្ចជាមួយ បណ្តាដៃគូពាណិជ្ជកម្មនានា ។ ៣.រៀបចំផ្ទាំងព័ត៌មាន ស្តីពីសេដ្ឋកិច្ច និងសង្គម និង ៤.ពង្រឹងកិច្ចសហការរវាង ស្ថានតំណាងកម្ពុជា នៅក្រៅប្រទេស និងក្រុមការងារអន្តរក្រសួង និងវិស័យឯកជន ក្នុងការផ្សព្វផ្សាយពីផលិតផលជាតិ ពាណិជ្ជកម្ម ឱកាសវិនិយោគ និងច្បាប់វិនិយោគថ្មី ដើម្បីស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលខ្មែរ និងជំរុញលំហូរវិនិយោគពីបរទេស ។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានទទួល ការចូលរួមដោយផ្ទាល់ពីលោក វ៉ាង វិនធាន ឯក អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងការបរទេស ក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាសមាជិក ក្រុមការងារអន្តរក្រសួង និងវិស័យឯកជន ដើម្បីសម្របសម្រួល ការអនុវត្តយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ព្រមទាំងសមាគមកសិផលខ្មែរ សមាគមទេសចរណ៍ ក្រុមហ៊ុនឯកជន និងការអញ្ជើញចូលរួម តាមប្រព័ន្ធវីដេអូ ពីសំណាក់ស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់សរុបប្រមាណ ៣៥០ នាក់។
សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណង៖ ១.ផ្សព្វផ្សាយពីយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ឲ្យកាន់តែទូលំទូលាយ ។ ២.ប្រមូលធាតុចូល ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរក្រសួង និងជាមួយវិស័យឯកជន ក្នុងការងារការទូតសេដ្ឋកិច្ច ។ ៣.ស្វែងយល់ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៃការអនុវត្តយុទ្ធសាស្រ្ត ការទូតសេដ្ឋកិច្ច និង៤.កំណត់យន្តការ ដើម្បីពង្រឹងសមត្ថភាព និងបញ្ជ្រៀបការយល់ដឹង ដល់មន្ត្រីការទូត និងមន្រ្តីពាក់ព័ន្ធ។
សិក្ខាសាលាក៏ផ្តោតលើតួនាទី របស់មន្ត្រីការទូតក្នុងវិស័យធំៗ ចំនួន៣៖ ១.វិនិយោគ និងពាណិជ្ជកម្ម ២.ទេសចរណ៍ និង៣.វប្បធម៌ និងម្ហូបខ្មែរ ដែលមានការចូលរួមដោយវាគ្មិន មកពីក្រសួងស្ថាប័នជំនាញ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ពីកាលានុវត្តភាព បញ្ហាប្រឈម និងកំណត់យន្តការផ្សេងៗ សំដៅទាញយកផលប្រយោជន៍ ជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា ៕