ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាអាចនឹង មានកំណើនប្រចាំឆ្នាំ លើការនាំចេញ ក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ១៨% ដែលនឹងចូលរួមចំណែក ក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែម ។
ក្នុងសិក្ខាសាលាថ្នាក់ជាតិ ជាសេរីលើកទី១ ស្តីពី ការយល់ដឹង អំពីកិច្ច ព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការ ស្នើសុំវិញ្ញាបនបត្របញ្ជាក់ ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ថា «លទ្ធផលការសិក្សា ដែលធ្វើឡើងដោយវិទ្យាស្ថាន ERIA ដែលក្នុងនោះ បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញក្នុងរង្វង់ ប្រមាណពី ៩,៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុង កំណើនសេដ្ឋកិច្ចជាតិ បន្ថែមប្រចាំឆ្នាំប្រមាណពី២% ទៅ ៣,៨%, កំណើនឱកាសការងារប្រចាំឆ្នាំ ប្រមាណពី ៣,២% ទៅ ៦,២% និងកំណើតចំណូលពន្ធប្រចាំឆ្នាំ ប្រមាណ២% ទៅ ៣,៩% ផងដែរ» ។
លោករដ្ឋមន្រ្តី បញ្ជាក់ទៀតថា វិធានដើមកំណើតទំនិញ ក្រោមកិច្ចព្រមព្រៀង អាសិបដែលមានលក្ខណៈសាមញ្ញ និងងាយបំពេញបានដូចនេះ នឹងជួយជំរុញកម្ពុជា ធ្វើសមាហរណកម្មខ្លួនចូល ក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់ កាន់តែឆាប់រហ័ស និងជំរុញសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់។
លោករដ្ឋមន្ដ្រីបន្ដថា មិនតែប៉ុណ្ណោះ ការបើកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ គួបផ្សំនឹងវិធាន ដើមកំណើត ដែលមានលក្ខណៈសាមញ្ញ វិធានបូកបន្ថែម និង ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ក៏នឹងក្លាយជាកម្លាំងចលករ ក្នុងការ ជួយដល់ដំណើរការ នៃការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន, ជួយបង្វែរការវិនិយោគផ្ទាល់ ពីបរទេសចេញពីប្រទេសសមាជិក អាសិបផ្សេងទៀតដែលមានថ្លៃពលកម្មខ្ពស់ ឲ្យងាកមកវិនិយោគនៅកម្ពុជា ដោយផ្អែកលើគុណប្រយោជន៍ នៃថ្លៃពលកម្មសមរម្យ និងកម្លាំងពលកម្មវ័យក្មេង ដែលកត្តាទាំងនេះនឹងរួមចំណែក ដល់ការបង្កើនចំណូលជាតិ តាមរយៈការប្រមូលពន្ធ និង ការបង្កើនឱកាសការងារ។
សូមរំលឹកថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ ទី១-ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ទី២-ផលិតផល ក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទី៣-ទំហំពាណិជ្ជកម្ម ចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្ម ពិភពលោកទាំងមូល៕