ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវា មច្ឆាជាតិ១កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆាជាតិ ដែលរៀបចំឡើង ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្ស។
ទិវាមច្ឆាជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិ បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស៕