តាខ្មៅ៖ បញ្ហាជន់លិចផ្ទះសម្បែង និងផលដំណាំ របស់ប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុងតាខ្មៅ មួយផ្នែកធំ ត្រូវបានដោះស្រាយជាជំហានៗ តាមរយៈគម្រោងសាងសង់ ស្ថាននីយបូមទឹកព្រែកដើមលាប។


គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាប គឺជាផែនការ ដែលបានគ្រោងទុក ជាយូរមកហើយ ដើម្បីដោះស្រាយការជន់លិច ផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ, នៅរដូវវស្សា និងទឹកជំនន់ស្ទឹង ព្រែកត្នោត ដូចកាលពីឆ្នាំ២០១៩-២០២០ និងឆ្នាំ២០២១ កន្លងទៅ មានប្រជាពលរដ្ឋរងគ្រោះ ចំនួន ៥០០គ្រួសារ ទៅ ៧០០គ្រួសារ រៀងរាល់ឆ្នាំ នៅក្នុងភូមិព្រែកហូរកើត, ព្រែកហូរកើត១, ព្រែកហូរលិច, ព្រែកហូរលិច១ សង្កាត់ព្រែកហូរ ត្រូវបានទឹកជន់លិចលំនៅដ្ឋាន និងខូចខាតផល ដំណាំអស់ជាច្រើន។ នៅក្នុងឆ្នាំ២០២២ នេះ គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាប ទទួលបានថវិកាដើម្បីសាងសង់ ដោយយោងតាមលិខិតលេខ ៤៥៣ សជណ.ប ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។



លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យផ្ទាល់នៅទីតាំងសាងសង់ ព្រមទាំងបានសួរពីចំណាប់អារម្មណ៍ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីការការសាងសង់ស្ថានីយបូមទឹកព្រែកដើមលាបនេះ។



លោក មុឹង យូឡេង បានឱ្យដឹងថា បញ្ហាជន់លិចនៅក្នុងទីក្រុងតាខ្មៅ នាពេលកន្លងមក គឺបណ្ដាលមកពីបុគ្គលមួយចំនួន បានសាងសង់សំណង់ អាណាធិបតេយ្យ រំលោភយកដី ប្រឡាយរដ្ឋ ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់ព្រែកហួរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជុំវិញករណីនេះ តំណាងប្រជាពលរដ្ឋមួយរូប បានប្រកាស ស្វាគមន៍រាល់គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ នានា របស់រាជរដ្ឋាភិបាល ជាក់ស្ដែងរូបគាត់ផ្ទាល់ មានអារម្មណ៍ សប្បាយរីករាយ ពេលដែលឃើញការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការខេត្ត ដោយបានចុះសិក្សានិងកំពុងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាប នេះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅលើខ្នងប្រឡាយខាងលើ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ សមស្របណាមួយ ដោយឈរលើគោលនយោបាយ ឈ្នះ ឈ្នះ ។
ឆ្លើយតបទៅនឹងការប្រកាសស្វាគមន៍ និងត្រៀមសហការ ពីសំណាក់ប្រជាពលរដ្ឋនេះ លោក មឹុង យូឡេង បានធ្វើការប្ដេជ្ញា ថានឹងសាងសង់ ស្ថាននីយបូមទឹកព្រែកដើមលាបនេះ ឱ្យសម្រេចបានជោគជ័យ ដូចទៅអ្វីដែលជាការគ្រោងទុក ។
តាមការសង្កេតជាក់ស្ដែង បានឱ្យឃើញថា បច្ចុប្បន្នផ្ទះប្រជាពលរដ្ឋនិងខ្នងផ្លូវមួយចំនួន ក្នុងសង្កាត់ព្រែកហូរ បានរងការជន់លិចដោយសារទឹកភ្លៀង ជាបណ្ដើរៗហើយ កត្ដានេះទាមទារឱ្យបានការប្ដេជ្ញាចិត្តខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យទទួលបានជោគជ័យជាវិជ្ជមាន៕



