ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញនូវក្ដីសង្ឃឹមថា នឹងមានសប្បុរសជនចូលរួមបន្ថែមទៀត លើការកម្ចាត់មីនឱ្យអស់នៅកម្ពុជា ខណៈទឹកប្រាក់ជាង៥លានដុល្លារ ត្រូវបានទទួលពីសប្បុរសជន រួចជាស្រេច។
សូមរំលឹកថា ថ្លែងចេញពីក្នុងពិធីលែងកូនត្រី នៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១ កក្កដា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំ ឱ្យក្រសួងសេដ្ឋកិច្ច ពិចារណាដាក់បញ្ចូលថវិកាជាតិ និងអំពាវនាវ ឱ្យវិស័យឯកជន រួមគ្នាធ្វើយ៉ាងណា ឱ្យកម្ពុជា ក្លាយជាប្រទេស ដែលអត់មានមីន តាមការគ្រោងទុក។
នៅលើគេហទំព័រហ្វេសបុក នៅព្រលប់ថ្ងៃទី១ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ព្រឹកមិញថ្ងៃ១កក្កដា២០២២ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យខ្ញុំបាន អំពាវនាវឱយសប្បុរសជនចូលរួមបំបាត់ ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជា ឈានទៅគ្មានគ្រាប់មីននៅឆ្នាំ ២០២៥។ អ្វីដែលសំខាន់ជាងនេះទៀត គឺការ ឈានទៅបញ្ចប់ នូវសោកនាដកម្មលើ ប្រជាជនកម្ពុជា ដែលស្លាប់និងរបួសដោយ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជា ឃាតករលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា»។
សម្ដេចគូសបញ្ជាក់ថា »ឆ្លើយតបតាមការអំពាវនាវ នេះមកដល់ ពេលនេះមានសប្បុរសជនដែលជាអ្នក វិនិយោគអ្នកជំនួញ បានចូលរួមប្រមាណ ជាង៥លានដុល្លាររួចមកហើយ ដែលខ្ញុំសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀត ដើម្បីឱ្យទឹកដី ដ៏កំសត់មួយនេះ រួចចាកផុត ពីសោកនាដកម្ម នៃគ្រាប់មីន»។
ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការចូលរួម សម្ដេចតេជោ បានប្រកាសដាក់ឱ្យ ទំនាក់ទំនងទៅលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាម លេខទូរស័ព្ទ០១២ ៩៦១៩៧១ ដែលនឹង ប្រមូលថវិកានេះបញ្ចូល ទៅគណនេយ្យ របស់អាជ្ញាធរមីន កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ បានសម្ដែងការអរគុណ សម្រាប់ការចូលរួមដើម្បី ភាពសុខសាន្ត និងស្នាមញញឹមរបស់ ប្រជាជនកម្ពុជា៕