ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គី កសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
លោកបណ្ឌិត សូមសម្តែងនូវមោទនភាព ចំពោះការរីកចម្រើនជាលំដាប់របស់ “ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា” ដែលបានចាប់ផ្តើម បើកដំណើរការ នាខែធ្នូឆ្នាំ២០០៤ ជាពុទ្ធិកមហាវិទ្យាល័យ ហើយបានវិវឌ្ឍជាពុទ្ធិកសាកលវិទ្យាល័យ នាខែកក្កដា ឆ្នាំ២០០៧ ដោយបានចូលរួម ក្នុងការបណ្តុះបណ្តាល ធនធានសមណនិស្សិត និង និស្សិត ទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ជាច្រើនម៉ឺនអង្គ/នាក់ ឱ្យក្លាយជា បណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្ស ដ៏ចាំបាច់សម្រាប់ដំណើរ ការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងសូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការបញ្ចុះបឋមសិលាអគារសិក្សាថ្មី ១ ខ្នងទៀត ដែលមានកម្ពស់ ៩ ជាន់ ស្មើនឹង ៤៥ បន្ទប់ បន្ថែមទៀត ដើម្បីបំពេញឱ្យតម្រូវការ ការងាររបស់ពុទ្ធិកសាកលវិទ្យាល័យ និងកំណើន របស់សមណនិស្សិត និងនិសិ្សត ។ ពិតណាស់ សមិទ្ធផល កើត មាននៅថ្ងៃនេះ គ្រាន់តែជាយន្តការថ្នាល នៃដំណើរការតែប៉ុណ្ណោះ ប៉ុន្តែផ្លែផ្កាចុងក្រោយ នឹង រីកធំធាត់ដោយផ្តល់ជាផល និងផ្លែផ្កានៅក្នុងសង្គម ។ ជាមួយគ្នានេះ ក៏សូមអបអរសាទរដល់ពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលកាលពីចុងខែមិថុនា កន្លងទៅថ្មីៗនេះ បានទទួលជោគជ័យ ក្នុងការចុះបញ្ចីជាសមាជិក សមាគមសាកលវិទ្យាល័យអន្តរជាតិ (International Association of Universities)។
លោក ម៉ាណែត លើកឡើងថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈ កាលកន្លងមកនេះ រាជរដ្ឋាភិបាល តែងបានខិតខំ កសាងអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធជាច្រើន ដែលបានផ្តល់ ជាផលលាភ ជូនប្រជាជន នៅទូទាំងប្រទេស បានប្រើប្រាស់ ។ ក្នុងនោះ ការរីកចម្រើន នៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយ នៃការផ្តល់ ឱកាសដល់កូនចៅ ប្រជាពលរដ្ឋ ក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្ស ពោរពេញដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែប ឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។ សាសនាទាំងអស់ គឺអប់រំមនុស្សឱ្យរស់នៅប្រកដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដោយបែងចែករវាងអំពើអាក្រក់ និងអំពើល្អ ដើម្បីចៀសវាងការប្រើប្រាស់ ចំណេះដឹង និងជំនាញក្នុងផ្លូវខុស ដែលអាចប្រែក្លាយទៅជាការ បំផ្លិចបំផ្លាញទៅវិញ។
លោកបន្តថា ការពង្រឹងផ្នែកពុទ្ធចក្រ មិនមែនពង្រឹងតែខាង សាសនានោះទេ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្ស ដែលមានសមត្ថភាពប្រកប ដោយសីលធម៌ និងគុណធម៌។ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត ឱ្យមនុស្សប្រព្រឹត្តនូវអំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍ នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវ ចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម។
លោក បន្ថែមថា ជីវិត គឺជាទ្រព្យដ៏មានតម្លៃបំផុត សម្រាប់មនុស្សគ្រប់រូប ។ ដូច្នេះ ការការពារអាយុជីវិត ប្រជាពលរដ្ឋជាអាទិភាពពិសេស សំខាន់ចាំបាច់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសមរភូមិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ រយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ។ ទោះបីមានបញ្ហាប្រឈម ជាំច្រើន ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះ វិបត្តិនេះរហូត ជោគជ័យគួរជាទីមោទនៈ តាមរយៈការស្រោច ស្រពវ៉ាក់សាំងនៅប្រទេស ព្រមជាមួយនឹងការរៀប ចំទីតាំង ព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេស ។ ការគ្រប់គ្រងស្ថានការណ៍ប្រកបដោយជោគជ័យនេះ ក៏មិនអាចខ្វះបានពីការ ចូលរួមរបស់មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ រួមទាំងកងទ័ពអាវស ព្រមជាមួយនឹងការចូលរួមដោយ ប្រកបដោយជំនឿ ជឿជាក់ របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងការអនុវត្តនូវរាល់ការណែនាំ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការ រីករាលដាល នៃជំងឺដ៏កាចសាហាវនេះ ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋបន្តការ ចូលរួមក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញទី៣ ទី៤ និងទី៥ឱ្យបានគ្រប់គ្នា ដើម្បីបន្តភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងម៉ាំប្រកប ដោយចីរភាព និងនិរន្តរភាព៕