ព័ត៌មានជាតិ

ប្រកាសសមាសភាព ក្រុមប្រឹក្សាឃុំចំការអណ្តូង ស្រុកចំការលើ អភិបាលខេត្ត ប្រាប់ឱ្យរួមសហការគ្នាធ្វើការ ដើម្បីប្រយោជន៍ ប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់ឲ្យបេក្ខជនជាប់ឆ្នោត មកពីគណបក្ស នយោបាយនានា ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមសហការគ្នាធ្វើការ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានលើកឡើង ដូច្នេះក្នុងពិធីប្រកាស សុពលភាពសមាជិក ក្រុមប្រឹក្សាឃុំចំការអណ្តូង ស្រុកចំការលើ នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ បេក្ខជនជាប់ឆ្នោត មកពីគណបក្សនយោបាយនានា នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ធ្វើជាតំណាង ឱ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន ។ ហេតុនេះ សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការ ធ្វើការជាមួយគ្នា ប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋ ។

ដើម្បីធានាបាននូវការផ្ដល់សេវានានា ក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន ៥ គឺ ៖

ទី១ ៖ មេឃុំ ចៅសង្កាត់
ទី២ ៖ ស្មៀនឃុំ សង្កាត់
ទី៣ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
ទី៤ ៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
ទី៥ ៖ មេភូមិ ។

ដូច្នេះ សូមឱ្យតួអង្គទាំង ៥ ខាងលើនេះ ខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ៕

To Top