ព័ត៌មានជាតិ

Update ៖ សម្ដេចតេជោ ដាក់កំហិតត្រឹមថ្ងៃនេះ ឲ្យម្ចាស់រថយន្ដចង្កូតស្ដាំ ទៅបង់ពន្ធ ក្រោយសម្តេចធ្វើតាមសំណើ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ មិនអនុញ្ញាតឲ្យប្តូរមកឆ្វេងទេ ប៉ុន្តែត្រូវនាំគ្នាមកបង់ពន្ធ រួចហើយទៅធ្វើផ្លាកលេខឲ្យបានត្រឹមត្រូវ ។ ដោយសម្តេចបានដាក់កំហិត អនុញ្ញាតឲ្យទៅបង់ពន្ធត្រឹមតែមួយថ្ងៃនេះទេ គឺពោរថ្ងៃ៦ កក្កដានេះ បើហួសមកដល់ថ្ងៃ៧ កក្កដា មិនលើកលែងឲ្យនោះទេ ។

ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយពីម្ចាស់រថយន្ដចង្កូតស្ដាំជាច្រើនរយនាក់ បាននាំធ្វើការតវ៉ា នៅចំណុចរង្វង់មូលគួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យត្រឹមបង់ពន្ធ តែសុំមិនកែចង្កូត ។

ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅវិមានសន្តិភាព នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ យល់ស្របជាមួយនឹងសូមណូពររបស់បងប្អូន ។ បងប្អូនត្រូវចូលរួមមកបង់ពន្ធ ។ បងប្អូនមិនចាំបាច់ប្ដូរចង្កូតទេ សម្រាប់អ្នកមិនទាន់បានប្ដូរ អ្នកបានប្ដូរហើយគឺប្ដូរចុះ ដើម្បីយើងមានឡានចង្កូតឆ្វេងប្រើនឹងគេ។ ប៉ុន្ដែអ្នកមិនទាន់បានប្ដូរ គឺត្រូវចូលមកបង់ពន្ធ រួចហើយក្រសួងសាធារណការ ត្រូវចេញផ្លាកលេខឲ្យគេ»។

សម្ដេចតេជោបន្ដថា ចំពោះអ្នកកក់ប្រាក់ដើម្បីប្ដូរចង្កូតនោះ មិនចាំបាច់ប្ដូរឡើយ បើសិនមិនទាន់បានប្ដូរ ប៉ុន្ដែត្រូវបន្ថែមថវិកា ដើម្បីបានពន្ធរថយន្ដត្រឹមត្រូវ រួចទទួលលិខិតពីគយ ទៅធ្វើផ្លាកលេខ។ សម្ដេចសង្កត់ធ្ងន់ថា ដូច្នេះចំណុចទាំងនេះ បានយល់ស្របតាមការទាមទាររបស់ប្រជាពលរដ្ឋហើយ។

លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ទៀតថា ត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ គឺមិនអនុញ្ញាតឲ្យមានការនាំចូលបន្តរថយន្ដចង្កូតស្ដាំដាច់ខាត។ ការអនុញ្ញាតខាងលើ សម្រាប់តែរថយន្ដដែលបានចរាចរនៅកម្ពុជាប៉ុណ្ណោះ។ សម្ដេចក៏បានផ្ដាំដល់សមត្ថកិច្ចទាំងអស់ ត្រូវបង្ក្រាបបានទាន់ពេលវេលា ចាប់ពីថ្ងៃនេះតទៅ ចំពោះនាំចូលថយន្ដចង្កូតស្ដាំ មកកម្ពុជា។

សម្ដេចតេជោ ក៏បានណែនាំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវបំផុត។ សម្ដេច ថា នេះជាដំណោះស្រាយបន្ធូរបន្ថយជូនអ្នកមានរថយន្ដចង្កូត។ សម្ដេចក៏បានគិតថា រថយន្ដចង្កូតស្តាំទាំងនេះ អាចប្រើប្រាស់បានតែ៥ ទៅ៦ ឆ្នាំទៀតប៉ុណ្ណោះ នឹងខូតអស់ហើយ៕

To Top