ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា ខណៈកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទាំងពីរ ប្រមាណ១៥០លានដុល្លារ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម នាពេលថ្មីៗនេះ តាមប្រព័ន្ធវិដេអូ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ដល់ភាគីអេមីរ៉ាតអារ៉ាប់រួម បានគាំទ្រលើគំនិតផ្តួចផ្តើមរបស់កម្ពុជា ដើម្បីជំរុញកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញ ទំនិញមកពីកម្ពុជា ។ បើផ្អែកតាមទិន្នន័យ ពាណិជ្ជកម្មកម្ពុជា ទោះបីស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ សម្រេចបានប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣% ធៀបនឹងឆ្នាំ២០២០»។
លោកបន្ដថា ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ជាដើម។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត អារ៉ាប់រួម ដូចជា៖ ផលិតផលប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម។
ជាកិច្ចឆ្លើយតប លោក Thani bin បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មយ៉ាងល្អរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ លើសក្ដានុពលកំណើន សេដ្ឋកិច្ចកម្ពុជា នាពេលអនាគត ហើយបានបង្ហាញពីឆន្ទៈ និងគោលបំណង ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឲ្យកាន់តែមានភាពរីកចម្រើន បន្ថែមមួយកម្រិតទៀត។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ និងបង្ហាញសុទិដ្ឋិនិយម ព្រមទាំងចក្ខុវិស័យរបស់ប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ រវាងប្រទេសទាំងពីរ។
ជាងនេះទៅទៀត ភាគីទាំងពីរ ក៏បានបង្ហាញ សុទិដ្ឋិនិយមខ្ពស់ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែល្អ ប្រសើថែមមួយកម្រិតទៀត ជាពិសេសគឺបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ជាងមុនបន្ថែមទៀត៕