ព័ត៌មានជាតិ

អ៊ីស្រាអែលហៅការបង្កើនវត្តមានយោធារបស់អ៊ីរ៉ង់ នៅសមុទ្រក្រហមថា ជាការគំរាមកំហែងដល់សន្តិភាព

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា យោធារបស់អ៊ីរ៉ង់ បាននិងកំពុងពង្រឹងខ្លួនឯងនៅក្នុងសមុទ្រក្រហម ដោយបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិភាពក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។

ថ្លែងនៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Athens របស់ក្រិក លោក Gantz បានបង្ហាញរូបភាពផ្កាយរណប នៃនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកំពុងល្បាតសមុទ្រក្រហមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យរបស់ Gantz ។

រដ្ឋមន្ត្រីបានឲ្យដឹងថា “យើងអាចបញ្ជាក់បានថា អ៊ីរ៉ង់កំពុងឈរជើងតាមវិធីសាស្រ្តក្នុងសមុទ្រក្រហម ជាមួយនឹងនាវាចម្បាំងល្បាតតំបន់ភាគខាងត្បូង” ដោយបន្ថែមថា សកម្មភាពដែលបានត្រួត ពិនិត្យក្នុងរយៈពេលប៉ុន្មានខែកន្លងមក គឺជាវត្តមានយោធាអ៊ីរ៉ង់ដ៏សំខាន់បំផុតនៅ ក្នុងតំបន់នេះក្នុងទសវត្សរ៍កន្លងមក។

លោកបានបន្តថា “វាជាការគំរាមកំហែងផ្ទាល់ចំពោះពាណិជ្ជកម្មអន្តរជាតិ ការផ្គត់ផ្គង់ថាមពលនិង សេដ្ឋកិច្ចពិភពលោក “។លោកបានបន្ថែមថា “វាក៏ជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងសង្វៀនដែនសមុទ្រ ដែលអាចប៉ះពាល់ដល់សមុទ្រមេឌីទែរ៉ាណេ និងលើសពីនេះទៀត”។

អ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រមួយចំនួនចែករំលែកក្តីបារម្ភ ចំពោះសកម្មភាពរបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលអ៊ីស្រាអែលថាមានគោលបំណងកសាងអាវុធនុយក្លេអ៊ែរ ទោះបីអ៊ីរ៉ង់រក្សាសន្តិភាពក៏ដោយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top