ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសាររំលែកមរណទុក្ខ ជូនសមភាគីជប៉ុន ជុំវិញមរណភាព អតីតនាយករដ្ឋមន្រ្តី អាបេ តាមរយៈលោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន ដោយមានខ្លឹមសារទាំងស្រុងថា៖
ឯកឧត្តម ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មាន អំពីមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ ។
តាមនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេញនេះ ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំ ស្ថិតនៅជាមួយឯកឧត្តមនិងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ ។
ឯកឧត្តម អាបេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ។ ក្នុងនាមជាមិត្តល្អយូរលង់របស់ខ្ញុំ និងកម្ពុជា ឯកឧត្តម អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣ ។
ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹងករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប ។







