ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
លោក សូមចូលរួមអនុមោទនាត្រេកអរចំពោះការទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតនៅក្នុងទីអារាមនេះ ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា ក៏ដូចសម្រាប់ការប្រើប្រាស់ជួបជុំធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទទៅតាមគន្លងប្រពៃណីសាសនានៃយើង។ សមិទ្ធផលថ្មីៗក្នុងវិស័យពុទ្ធចក្រទាំងនេះ បានកើតឡើងពីផលនៃសុខសន្តិភាព ដែលបានបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាំងផ្នែកសង្គម សេដ្ឋកិច្ច និងជំនឿសាសនា ហើយដែលសំខាន់នោះ គឺបានស្តែងឱ្យឃើញនូវកម្លាំងសាមគ្គីធម៌របស់ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទពីទីជិតឆ្ងាយ ក្នុងការរួមគ្នាបំពេញបុណ្យកុសលតាមរយៈការចូលរួមកសាងសមិទ្ធផលនានាប្រកបដោយទឹកចិត្តសប្បាយរីករាយ និងសទ្ធាជ្រះថ្លា ដូចទៅនឹងអ្វីដែលប្រជាជនកម្ពុជាតែបានប៉ងប្រាថ្នារហូតមក គឺការរស់នៅក្នុងសង្គម ប្រកបដោយសន្តិភាព សុខដុមរមនា និងសុខសាន្ត។
លោក រំលេចផងដែរថា ការភ្ជាប់គ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែងនៅក្នុងសង្គម គឺការចាំបាច់ និងមិនអាចខ្វះគ្នាបានឡើយ ជាពិសេសការបង្រៀនរបស់សាសនាឱ្យមនុស្សចេះស្គាល់សច្ចភាព, សុច្ចរិតភាព, បុណ្យបាប ក៏ដូចជាគោលការណ៍សីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក។ មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួន គឺនឹងធ្វើឱ្យប្រទេសជាតិ និងប្រជាជនរងទុក្ខវេទនា ដូចដែលធ្លាប់បានឆ្លងកាត់រួចមកហើយនៅក្នុងរបបប៉ុលពត។ នៅក្នុងសង្គមអារ្យធម៌ដូចពេលបច្ចុប្បន្ន គឺរាជរដ្ឋាភិបាលតែងបានផ្តោតតែទៅលើការខិតខំអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមលុបបំបាត់អំពើអវិជ្ជមាន និងកែលម្អភាពអសកម្មនានានៅក្នុងសង្គម ជាពិសេសសំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀតនូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតបក្នុងស្ថានភាពគ្រោះវិបត្តិ ដូចជាបញ្ហាជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះជាដើម និងការបន្តកសាងអភិវឌ្ឍជាតិនៅមុខបន្ថែមទៀត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះ គឺការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋរាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩។
លោក បញ្ជាក់ថា ទ្រព្យធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមអរគុណដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំគងជ័យ ស្រុកអូររាំងឪ និងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលបានគោរពស្រឡាញ់សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងគ្រប់អាណត្តិនយោបាយកន្លងមក ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។ ពិតណាស់ យើងមានគណបក្សនយោបាយច្រើនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែង ប៉ុន្តែប្រជាពលរដ្ឋនៅតែស្រឡាញ់ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះ បម្រើ និងការពារប្រជាពលរដ្ឋដោយស្មោះត្រង់ក្នុងគ្រប់កាលៈទេសៈ ហើយជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ និងមានរចនាសម្ព័ន្ធចាត់តាំងយ៉ាងរឹងមាំពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ដែលអាចដឹងច្បាស់ និងដោះស្រាយបានទាល់ពេលវេលានូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ហើយជាសក្ខីភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជាបានទទួលការគាំទ្រយ៉ាងលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកនេះ ដែលជាការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំការអភិវឌ្ឍរីកចម្រើននៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរឡើងបន្ថែមទៀត។





































