ភ្នំពេញ៖ ដែនសហគមន៍នេសាទ ព្រែកត្នោត ត្រូវបានក្រុមទុច្ចរិត ចាប់ផ្ដើមចាក់ដីរំលោភបំពាន (សមុទ្រ) ព្រមទាំងកាប់បំផ្លាញព្រៃកោងកាង សារជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីអតីតអភិបាលខេត្តកំពត លោក ជាវ តាយ បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាព ចាក់ដីរំលោភសមុទ្រ ក្នុងដែនសហគមន៍នេសាទ ព្រែកត្នោតនេះ កាលពីដើម ឆ្នាំ២០២០។


សូមបញ្ជាក់ថា សហគមន៍នេសាទ ព្រែកត្នោត មានទីតាំងស្ថិតនៅក្នុង ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត គឺជាតំបន់ដែលត្រូវបាន ការពារនិងអភិរក្ស ដោយអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើ បានស្នើឱ្យ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មេត្តាចុះត្រួតពិនិត្យ និងវែកមុខក្រុមទុច្ចរិតទោះនោះ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ផងដែរ។


បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ការចាក់ដីរំលោភសមុទ្រ ក្នុងខេត្តកំពត កាលពីឆ្នាំ២០២០ អាចដំណើរការ បានរលូនដោយសារមានការ យកឈ្មោះមន្រ្តីរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការក្រសួង ដែលមានឥទ្ធិពលមួយ មកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះការចាក់ដីរំលោភ យកដែនសហគមន៍នេសាទ ព្រែកត្នោតនេះ មានការប្រើប្រាស់ ឡានពាក់ផ្លាកលេខ ខេមរភូមិន្ទ ផងដែរ៕

