ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រកាសហាមមិនអនុញ្ញាតឲ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទ លើធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយកើតគ្រោះថ្នាក់ចរាចរញឹកញាប់ ខណៈផ្លូវនេះ សាងសង់មិនទាន់រួចរាល់។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ វិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) បាននិងកំពុងដំណើរការសាងសង់ មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១២ កក្កដា ។
ក្រសួងបន្ដថា បច្ចុប្បន្ន ការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ កើនឡើងគួរឲ្យកត់សម្គាល់ និងបានបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។ ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួងបានសម្រេចឲ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តបម្រើការងារឲ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួង។
សូមបញ្ជាក់ថា កាលពីថ្ងៃរសៀលថ្ងៃ១១ កក្កដា មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាងរថយ ន្តនិងរថយន្តនៅចំកណ្តាលទ្រូងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបង្កឲ្យរងរបួសមនុស្ស និងខូចរថយន្តជាដំណំផងដែរ ៕