ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ បានលើកឡើងពីវឌ្ឍនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំលោកឃួង ស្រេង ដោយក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានធ្វើសកម្មភាពយ៉ាងសកម្មភាព លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹងការលាបបង្គោលគីឡូម៉ែត្រផងដែរ ខណៈការងារនេះ ទទួលបានការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២ ។
បើតាមរបាយការណ៍ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញជូនក្រុមប្រឹក្សារាជធានីភ្នំពេញ នាកិច្ចប្រជុំនេះថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ៖ ក្នុងនោះបានធ្វើសកម្មភាព លុបសំបុកមាន់ AC ចំនួន ៥.៨៦៣ម៉ែត្រការ៉េនៅលើ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b) ។ លុបស្នាមប្រេះចំនួន២,៣៦២ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៥ .៦ .១១០ .២១b) ។ លុបសំបុកមាន់ DBST ចំនួន១១៣៥ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៦) ។

លុបកៅស៊ូបាចកំទេចថ្មមួយជាន់ចំនួន១.០៤១ម៉ែត្រការ៉េ លាយល្បាយដីថ្មចំនួន៧១៣ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៥ .១១០) ។ សម្អាតលូបណ្តោយផ្លូវប្រវែង២.០២០ម៉ែត្រ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b) ។ សម្អាត និងលាបបង្គោលគីឡូម៉ែត្រចំនួន ១៣បង្គោល (ផ្លូវជាតិលេខ១ .៤ .៦)។
សម្អាតរុក្ខជាតិបណ្ដោយផ្លូវប្រវែង៩.៣៥០ម៉ែត្រ (ផ្លូវជាតិលេខ១ .៥ .៦ .២១៦.១១០)។ ល្បាតផ្លូវប្រវែង១២៣គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤ .៥ .២១b)។ ស្តារប្រឡាយប្រវែង ៨.៤០០ម៉ែត្រ(ផ្លូវជាតិលេខ៤)។ សម្អាតលូទទឹងផ្លូវចំនួន ១ កន្លែង(ផ្លូវជាតិលេខ៤) សម្អាតបង្គោលគីឡូម៉ែត្រចំនួន៦បង្គោល(ផ្លូវជាតិលេខ៦) ស្តារលូបណ្ដោយផ្លូវប្រវែង ៤០០ម៉ែត្រ(ផ្លូវជាតិលេខ៥)។ ស្តារលូទទឹងផ្លូវចំនួន១កន្លែង(ផ្លូវជាតិលេខ១១០) សម្អាតស្ពានប្រវែង១៦ម៉ែត្រ(ផ្លូវជាតិលេខ១១០)។
ចំពោះការងារខាងលើនេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានអនុវត្តគ្រប់ជំនាញ ធ្វើឲ្យរាជធានីភ្នំពេញរក្សាសោភណ្ឌភាព ជាទីក្រុងស្អាត ។
លោក ម៉ប់ សារិន មានប្រសាសន៍ថា ក្នុងរយៈពេល៦ខែនេះ ពោលគឺក្រោយស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ចលនាសង្គមនៅមូលដ្ឋាន មានសកម្មភាពឡើងវិញ គ្រោះថ្នាក់ចរាចរ ក៏មានការកើនឡើង៧៨លើក តែទោះជាយ៉ាងនេះ សមត្ថកិច្ចនៅតែគ្រប់គ្រងបានល្អ។ លោកបន្តថា ថ្នាក់ដឹកនាំរាជធានី-ខណ្ឌ-សង្កាត់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លងកាត់វិញ្ញាសារលំបាក ស្មុគស្មាញជាច្រើន តែខិតខំពុះពារជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលគួរជាទីមោទក ទាំងក្នុងវិស័យរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ការកសាងសមិទ្ធផល ក៏ដូចជាការផ្តល់សេវាកម្ម ពិសេសមុន និងក្រោយការប្រកាស បើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច៕







