ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្ដោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា មកដល់ម៉ោង១៦៖១៥នាទី ថ្ងៃទី១២ កក្កដា នេះ កម្រិតជំនន់ទឹកភ្លៀងបាន កើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុង កំណាត់ផ្លូវជាតិលេខ៤ ស្ថានភាពបែបនេះ មិនអាចអនុញ្ញាឲ្យ យានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា «ដូចនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យ មានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្តោះ អាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី» ៕