ព័ត៌មានជាតិ

ប្រមុខការទូតបង់ក្លាដែស នឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា៣ថ្ងៃ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៣ កក្កដានេះបានឲ្យដឹងថា ក្នុងឱកាសនៃទស្សនកិច្ចនេះ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងជួបទ្វេភាគី ជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ នានា ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញធ្វើបាឋកថាក្នុងសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ទស្សនកិច្ចរបស់លោក បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕

To Top