ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បញ្ហាកំពុងកើតមាន ក្នុងពិភពលោក អាចបណ្ដាលឲ្យមាន សង្គ្រាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ ក៏ថាបាន (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ អាចកើតមានឡើងក៏ថាបាន ដោយសារតែបញ្ហាកំពុងកើតមានឡើងក្នុងពិភពលោកដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បូករួមទាំងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។

គួរកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្ន កំពុងមានភាពតានតឹងជាច្រើន រួមមាន ៖ បញ្ហាឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង តៃវ៉ាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង និងជាពិសេសគឺផ្ដើមចេញពីសង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែន បូករួមទាំងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។

បញ្ហាទាំងអស់ខាងលើ សុទ្ធសឹងតែកើតចេញពីការប្រកួតប្រជែងឥទ្ធិពល របស់ប្រទេសមហាអំណាច ចិន រុស្ស៊ី អាមេរិក និងសម្ព័ន្ធមិត្ត។

ជុំវិញស្ថានភាពបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យត្រៀមគិតទុកឲ្យហើយ ដើម្បីឈានទៅរកភាពម្ចាស់ការនៅកម្ពុជាផងដែរ។

ថ្លែងចេញពីវេទិកានៃកម្មពីធីបូកសរុបលទ្ធផលនៃក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រសិនបើប្រេងនៅបន្តឡើងថ្លៃ វិបត្តិសេដ្ឋកិច្ចសកល អាចកើតមានគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិតជាធ្វើឲ្យមានបញ្ហា។

ពាក់ព័ន្ធទៅនឹងការអូសបន្លាយ នៃវិបត្តិក្នុងប្រទេសអ៊ុយក្រែន សម្ដេចតេជោ បានលើកឡងថា ពេលនេះស្ថានការណ៍ពិបាកប៉ាន់ស្មាន ពិភពលោកគ្មានសណ្ដាប់ធ្នាប់ ពិភពលោកកំពុងបែកបាក់ជាផ្នែកៗ ដែលមិនដឹងថា នាំយើងទៅដល់ទីណាទេ។

សម្ដេចគូសបញ្ជាក់ថា “សង្គ្រាមនុយក្លេអ៊ែរ អាចកើតមានក៏ថាបាន ឬសង្រ្គាមលោកលើកទី៣ ក៏អាចកើតមានឡើងក៏ថាបាន! មិនទាន់ផុតដំណាក់កាលនេះទេ កំពុងគម្រាមកំហែងគ្នាទៅវិញទៅមកនេះ” ។

សម្ដេចបន្ថែមថា ស្ថានភាពនេះ គឺជាស្ថានភាពដែលត្រូវមើលឃើញត្រៀម គិតទុកឲ្យហើយ ដើម្បីឈានទៅរកភាពម្ចាស់ការនៅកម្ពុជា៕

To Top