ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យពង្រីកសេវាទូរស័ព្ទ និងអ៊ិនធឺណេត ទៅដល់តំបន់ទេសចរណ៍ដាច់ស្រយ៉ាល

ភ្នំពេញ ៖ ខណៈសេវាទូរសព្ទ និងអ៊ិនធឺណេត ហាក់មានភាពដើរយឺតមិនទាន់តម្រូវការដល់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឲ្យបណ្ដាក្រុមហ៊ុនប្រព័ន្ធទូរសព្ទ និងអ៊ិនធឺណេតទាំងអស់ ពង្រឹងនិងពង្រីកសេវារបស់ខ្លួនជាពិសេសឲ្យទៅដល់តំបន់ទេសចរណ៍នានាដែលនៅជាតំបន់ដាច់ស្រយ៉ាល ក្នុងគោលបំណងទាក់ទាញអ្នកទេសចរណ៍ឲ្យទៅលេងកម្សាន្ត ។

ក្នុងពិធីបិទសន្និបាត បូកសរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ កក្កដា សម្ដេចតេជោមានប្រសាសន៍ថា ទេសចរណ៍ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំក្នុងដំណាក់កាល នៃការស្ដារឡើងវិញ ក្នុងពេល អនុវត្តន៍វិធានការរស់នៅតាមបែបគន្លងថ្មី ជាមួយនៅពេលដែលកូវីដ១៩ វិស័យឌីជីថល ។

សម្ដេចតេជោបន្ថែមថា ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យវិស័យទេសចរណ៍ផ្ទៃក្នុងឲ្យរីកចម្រើន ។ ក្នុងវិស័យគាំទ្រនេះ រួមមាន ការតភ្ជាប់ផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ថ្មីៗទើបនឹងកើតដែលចាំបាច់ត្រូវរៀបចំបង្កលក្ខណៈងាយស្រួល ដោយឲ្យមានផ្លូវថ្នល់ចូលទៅដល់ ការដោះស្រាយទឹកស្អាត និងអគ្គិសនី និងសេវាទូរស័ព្ទ ។

សម្ដេចតេជោគូសបញ្ជាក់ថា បញ្ហាឌីជីថលជាបញ្ហាមួយដែលគេបានឃើញមានការជឿនលឿនឡើង នៅក្នុងសម័យកូវីដ ។ នេះជាភ័ព្វសំណាងរបស់កម្ពុជា ក៏ដូចជាពិភពលោកដែលឌីជីថលបានដើរលឿនមួយជំហ៊ានមុនកូវីដមកដល់ ។ សម្ដេចលើកជាឧទាហរណ៍ថា ប្រសិនបើវិស័យអនឡាញ មិនបានកើតមុនកូវីដទេ ប្រហែលជាពិភពលោក កាត់ផ្ដាច់គ្នាជាកង់ៗ មិនអាចប្រជុំជាមួយគ្នាបានទេ ក៏ប៉ុន្តែនៅពេលកូវីដមកដល់ ធ្វើឲ្យវិស័យឌីជីថល បច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជាបានដើរលឿនមួយជំហ៊ាន ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ខ្ញុំអាចនិយាយដោយមោទកភាពថា កម្ពុជាជាប្រទេសដែលមានការជឿនលឿននៅក្នុងដំណាក់កាល នៃវិបត្តិកូវីដ១៩នេះ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ហើយអ្វីដែលជាគោលដៅដែលខ្ញុំដាក់ចេញមុនពេលកូវីដ១៩មកដល់ គឺឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា យ៉ាងហោចណាស់ជុំវិញប្រព័ន្ធទូរស័ព្ទ គឺសម្រេចជោគជ័យ» ។

សម្ដេចតេជោថ្លែងថា បច្ចុប្បន្នការងារទៅតាមប្រព័ន្ធឌីជីថលជាច្រើន ខណៈប្រជាពលរដ្ឋប្រើប្រាស់ទូរសព្ទផ្ទេរលុយកាកកាន់តែងាយស្រួល ។ សម្តេចថា ដូច្នេះ មិនគ្រាន់តែនៅជនបទទេ នៅទីក្រុងក៏ត្រូវតែ ឲ្យមានភាពរឹងមាំផ្នែកសេវា(ទូរសព្ទនិងអ៊ិនធឺណេត)ដែរ ព្រោះកន្លែងខ្លះឧទាហរណ៍ដូចក្នុងសណ្ឋាគារ មានហ្វ្រីវាយហ្វាយ ប៉ុន្តែវាអត់ដើរ ។

សម្ដេចលើកឡើងថា «គ្រប់បណ្ដាក្រុមហ៊ុន ប្រព័ន្ធទូរសព្ទ និងអ៊ិនធឺណេតទាំងអស់ ត្រូវពង្រឹងខ្លួនមិនថានៅទីក្រុង ហើយពង្រីកទៅតាមតំបន់ទេសចរណ៍នានា ក្នុងគោលបំណងទាក់ទាញអ្នកទេសចរណ៍ឲ្យទៅលេងកម្សាន្តនៅតំបន់ដាច់ស្រយ៉ាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រ ខាងផ្នែកអ៊ិនធឺណេត» ។

សម្ដេចតេជោបន្តទៀតថា ព្រោះឥឡូវគេមិនចាំបាច់ទៅធ្វើការដល់កន្លែងក៏បានដែរ ដោយគ្រាន់តែមានសេវាអ៊ិនធឺណេត គឺអាចទំនាក់ទំនងគ្នាធ្វើការ បានយ៉ាងងាយស្រួលហើយ សូម្បីតែការចុះហត្ថលេខាក៏អាចធ្វើតាមប្រព័ន្ធវីដេអូអនឡាញបានដែរ ៕

To Top