ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន បុរសចិន និង តៃវ៉ាន់ ១១នាក់ ពាក់ព័ន្ធការផលិតកែច្នៃ ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ជិត២តោន និងសារធាតុគីមី ជិត៣០០តោន នៅកម្ពុជា

ភ្នំពេញ ៖ បុរសចិន និង តៃវ៉ាន់ សង្ស័យមេខ្លោងជួញដូរគ្រឿងញៀន ចំនូន ១១ នាក់ កាលពីល្ងាច ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួន នៅក្នុង ពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ការធ្វើសវនាការ តាមនីតិវិធី ច្បាប់ របស់កម្ពុជា ជាប់ពាក់ព័ន្ធការរក្សាទុក ការផលិត កែច្នៃដឹកជញ្ជូន និង ជួញដួរ គ្រឿងញៀនជិត២តោន និងសារធាតុគីមី ជាង ២៧៦តោន ប្រព្រឹត្ត នៅទីតាំង ផ្សេងៗ គ្នា នៅក្នុងព្រះរាជាណាចក្រមកម្ពុជា។

យោងតាមដីការបស់ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថាៈ ជនសង្ស័យទាំង ១១នាក់ខាងលើនេះ មានឈ្មោះ :

១-ឈ្មោះ WU YI LIN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់។
២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន។
៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិន។
៤-ឈ្មោះ LI BIN YANG ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។
៥-ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិន
៦-ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ចិន។
៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ចិន
៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន។
៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន។
១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ចិន
១១-ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។

ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទៈ «ផលិតដោយខុសច្បាប់នូវសារធាតុញៀន បទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់» តាមមាត្រា ៣៩ មាត្រា ៤៧ និងមាត្រា ៥៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ពួកគេអាចប្រឈមនឹងការជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ រហូតអស់មួយជីវិត ប្រសិន តុលាការរកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់ របស់ពួកគេ។

ទាក់ទងនឹងការបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យចិននិង តៃវ៉ាន់ខាងលើនេះ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា: ពួកគេ ទាំង១១នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំង ប្រឆាំងគ្រឿងញៀន បន្ទាប់ពី មន្ត្រីជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២ នៅគោលដៅ ចំនួន១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រៃវែង និង ខេត្តស្វាយរៀង។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា: ទីតាំងទាំង១២ កន្លែង រួមមាន: នៅរាជធានីភ្នំពេញ មាន៧គោលដៅ, នៅខេត្តស្វាយរៀង មាន២គោដៅ, នៅខេត្តព្រៃវែង មាន១គោលដៅ, និង នៅខេត្តកណ្តាលមាន២គោលដៅ ។

ចំណែកឯ ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុក មានចំនួន ៦ទីតាំង រួមមាន:

-ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត
ស្វាយរៀង(ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។
-ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយ
រៀង(រោងចក្រកែច្នៃ ផលិត កេតាមីន)។
-ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។
ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល(កុងទឺន័រ ផ្ទុកសារធាតុគីមី)។

ចំពោះវត្ថុតាងគ្រឿងញៀន ដែលរឹបអូសបានរួមមាន:

-របាយសារធាតុញៀនកេតាមីន ចំនួន ១តោន ៨២៧ គ.ក្រ ៩៥២ ក្រាម។

-សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គ.ក្រ។

-ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។

-កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម។

-រថយន្ត៨គ្រឿង

-ម៉ូតូ៣គ្រឿង

-ទូរស័ព្ទដៃ ១៩គ្រឿង

អចលនទ្រព្យ ចំនួន ០៧កន្លែង (ខុនដូរ២, ឃ្លាំង៤ , រោងចក្រផលិត១, ផ្ទះវីឡា១)៕

ដោយៈ លីហ្សា

To Top