ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានជំរុញអោយ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នាធ្វើយ៉ាងណារក្សាអោយបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ព្រោះកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះអោយ គណៈបញ្ជាការឯកភាពនេះឯង ត្រូវអនុវត្តអោយបានល្អ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានលើកឡើងថា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការអោយបានច្បាស់លាស់ ក្នុងជួរ គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេស ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ ដែលយើងគិតថាស្មុកស្មាញ និងងាយរងគ្រោះ។
លោក ឃួង ស្រេង បញ្ជាក់ផងដែរថា ក្នុងនាម អាជ្ញាធរនិងកងកម្លាំងត្រូវគិតថា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់សុទ្ធតែត្រូវការ សន្តិសុខដូចគ្នា។
បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវការពារ អោយបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំង២ភេទ ដែលបានបង្ក្រាបក្មេងទំនើង បានជាច្រើនករណី នាប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្មេងទំនើងទាំងនេះ ភាគច្រើនជាសិស្សសាលា ដូច្នេះលោកស្នើអោយ អភិបាលខណ្ឌ និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀន អោយបានម៉ឺងម៉ាត់និងរកវិធី ដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះអោយបាន។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានស្នើអោយអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជម្រុញប្រជាពលរដ្ឋអោយទៅទទួលវ៉ាក់សាំង ដុសជម្រុញអោយបានគ្រប់គ្នា ព្រោះថា ជម្ងឺកូវីដ-១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរនិងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពនៅពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងមកនេះ ដែលបានធ្វើអោយដំណើរការ នៃការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ជោគជ័យនិងគ្មានអំពើហឹង្សា៕