ព័ត៌មានជាតិ

អាជ្ញាធរ ត្រូវត្រៀមទុក ឱសថ បរិក្ខាពេទ្យ ឬសេរ៉ូមប្រឆាំងពឹសពស់ នៅពេលមានទឹកជំនន់

ភ្នំពេញ៖ ក្នុងគ្រាមិនទាន់មាន គ្រោះទឹកជំនន់ជាលក្ខណៈទ្រង់ទ្រាយធំមក លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរត្រូវ ត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខាពេទ្យ ឬសេរ៉ូមប្រឆាំងពឹសពស់ សម្រាប់ជួយអន្ដរាគមន៍ នៅពេលមានគ្រោះទឹកជំនន់ អាចកើតឡើងជាយថាហេតុ ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឲ្យកើតមានជា ញឹកញាប់នូវគ្រោះធម្មជាតិ រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលគ្រោះមហន្តរាយ ទាំងនេះបង្កផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។

ជុំវិញបញ្ហានេះ លោករដ្ឋមន្ដ្រី បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិក និងជំងឺផ្សេងៗទៀត។ លោកថា ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត នាំឲ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិស ផ្សេងៗ។

លោក បញ្ជាក់ថា «រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈលិខិត ស្តីពីការត្រៀមឆ្លើយតប នៅពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ ដូច្នេះត្រូវត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខារពេទ្យ សេរ៉ូមប្រឆាំងពឹសពស់ សម្រាប់ជួយអន្តរាគមន៍ នៅពេលដែលមានពស់ចឹក ព្រមទាំងត្រៀមក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពឲ្យបានល្អប្រសើរ និងទាន់ពេលវេលា ទៅតាមនិយាមប្រតិបត្តិពេទ្យ ត្រឹមត្រូវផងដែរ»។

លើសពីនេះ លោករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រក ទៅបានបន្សល់នូវភាពកខ្វក់ និងមេរោគជាច្រើនរស់នៅក្នុងទឹក ជៀសវាងការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះ នាំឲ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោល អាចបង្កឲ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់៕

To Top