ព័ត៌មានជាតិ

និយ័តករធានារ៉ាប់រងកម្ពុជា ៖ អ្នកសារព័ត៌មាន ជាស្ពាន ចម្លងចំណេះដឹងសេវាធានារ៉ាប់រង ទៅកាន់សាធារណជន

ភ្នំពេញ ៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើង ការបញ្ជ្រាបចំណេះដឹងដល់សាធារណជនអំពីសេវា និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង គឺជាកត្តាគន្លឹះក្នុងការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឲ្យកាន់តែទូលំទូលាយ ដូចបណ្តាប្រទេសជឿនលឿនលើសកលោក ដូច្នេះអ្នកសារព័ត៌មាន មានតួនាទីសំខាន់ធ្វើជាស្ពានចម្លងចំណេះដឹងពីសេវាធានារ៉ាប់រង និងទីផ្សារធានារ៉ាប់រង ទៅកាន់សាធារណជនគ្រប់រូប ។

ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការចែករំលែកចំណេះដឹងជូនអ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” លោក ប៊ូ ច័ន្ទភីរូ ថ្លែងថា ទីផ្សារធានារាប់រងកម្ពុជាបានកំពុងរីចម្រើនយ៉ាងឆាប់រហ័សប្រមាណ២០% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រងដុល កើនឡើងដល់ប្រមាណ៣០០លានដុល្លារក្នុងឆ្នាំ២០២១ ។ ទោះបីជាសកលលោក រង វិបត្តិនៃជំងឺកូវ៉៥១៩ ក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជា បន្តរក្សាបានកំណើនប្រមាណ១០% ធៀបនឹងឆ្នាំ២០២០ ។

លោកបន្តថា បើពិនិត្យមើលអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា (Insurance Pernetration Rate) មានតែ ១,១១% និងការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង (Insurance Density) មានតែ ១៨,៧៥ដុល្លារសម្រាប់មនុស្សម្នាក់ ។ តួលេខនេះ ទាបជាងបណ្តាប្រទេសនានាក្នុងតំបន់ និងសកល។ សូចនាករទាំងនេះ បញ្ជាក់ថា ទី១.ទីផ្សារ ធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលអនាគត និងទី២ គឺការប្រើប្រាស់សេវាធានារ៉ាប់រងនៅមានកម្រិតទាប ដែលបញ្ហាចម្បងបណ្ដាល មកពីការយល់ដឹងរបស់សាធារណជន អំពីសេវាធានារ៉ាប់រងនៅតិចតួចនៅឡើយ។

លោកបន្ថែមថា ដើម្បីឲ្យសារព័ត៌មាន អាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ លើកិច្ចការនេះ អ្នកព័ត៌មានត្រូវមានចំណេះដឹងឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ អំពីសេវាធានារ៉ាប់រង មានដូចជា អត្ថប្រយោជន៍ ការធានារ៉ាប់រង ផលិតផលធានារ៉ាប់រង ដំណើរការនៃទីផ្សារធានារ៉ាប់រង និងបទប្បញ្ញត្តិទាក់ទងនឹងការធានារ៉ាប់រងជាដើម។

ក្នុងឱកាសនោះដែរ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាឲ្យដឹងដែរថា បណ្តាញសារព័ត៌មានមួយចំនួនក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងកម្ពុជាផងដែរ។

លោកបានលើកឡើងទៀតថា តែទោះយ៉ាងណាក៏ដោយ សមាគមធានារ៉ាប់រងកម្ពុជា បានមើលឃើញនូវតួនាទីកាន់តែទូលាយបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងវិសាលភាព នៃការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ទាក់ទងនឹងធានារ៉ាប់រងពីសំណាក់សារព័ត៌មាននានានៅកម្ពុជា។ ដើម្បីសម្រេចគោលបំណងនេះ ការបណ្តុះបណ្តាល ក៏ដូចជាការផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីធានារ៉ាប់រង ជូនអ្នកសារព័ត៌មានឲ្យបានទូលំទូលាយ គឺជាការចាំបាច់។

លោកថា ហេតុដូច្នេះហើយ សមាគមធានារ៉ាប់រងបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីជាការចែករំលែកចំណេះដឹង និងការអនុវត្តពាក់ព័ន្ធនឹងគោលការណ៍គ្រឹះធានារ៉ាប់រង ផ្សារភ្ជាប់ទៅនឹងការប្រព្រឹត្តជាក់ស្តែងទៅនៃទីផ្សារធានារ៉ាប់រង បច្ចុប្បន្នភាពនៃទីផ្សារ និងយន្តការគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពធានារ៉ាប់រង។

សូមជម្រាបថា សិក្ខាសាលានេះអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចប្រមាណ៤០នាក់ បានអញ្ជើញចូលរួម។សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ចំណេះដឹងបន្ថែមទៀតដល់អ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រង ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន អំពីទីផ្សារធានារ៉ាប់រងនៅកម្ពុជា៕

To Top