ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន កាន់តែរឹងមាំ ពីមួយជំនាន់ទៅមួយជំនាន់

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការចិញ្ចឹមបីបាច់ឥតឈប់ឈរ ដោយមេដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ពីមួយជំនាន់ទៅមួយជំនាន់ ទំនាក់ទំនងទ្វេភាគីត្រូវបានធ្វើឱ្យប្រសើរឡើងទៅ រហូតបានក្លាយជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ កាលពីឆ្នាំ២០១០ ហើយបានបន្តរីកចម្រើនកាន់តែខ្លាំង និងរឹងមាំ។

ប្រទេសទាំងពីរទទួលបាន កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែង។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ការអភិវឌ្ឍន៍របស់កម្ពុជា លើគ្រប់វិស័យ មិនអាចផ្តាច់ចេញពីការគាំទ្រ និងជំនួយរបស់ប្រទេសចិនបានទេ។ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ហើយបានក្លាយជាគោលដៅ នាំចេញដ៏សំខាន់របស់កម្ពុជា។ 

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មចិន-កម្ពុជា បានកើនឡើង ៣៩.២ ភាគរយ ដែលឈានដល់ ៣.៧៥ ពាន់លានដុល្លារ។ ជាច្រើនឆ្នាំមកនេះ ចិននៅតែជាប្រភពវិនិយោគផ្ទាល់ ពីបរទេសដ៏ធំបំផុតរបស់កម្ពុជា ដែលជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេ។

ជាងនេះទៅទៀត លោកបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 របស់កម្ពុជាប្រកបដោយជោគជ័យ គឺអាចធ្វើទៅបាន ដោយសារជំនួយរបស់ប្រទេសចិន ពីជំនួយបច្ចេកទេស និងជាពិសេសការរួមចំណែកនៃវ៉ាក់សាំង។ ជំនួយបែបនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការស្តារសេដ្ឋកិច្ចក្រោយ Covid-19 របស់កម្ពុជា។ នៅក្នុងប្រទេសកម្ពុជា គម្រោងក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ  BRI បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់។ ជាក់ស្តែង គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ កំពុងដំណើរការក្នុងប្រទេសកម្ពុជា រួមមានផ្លូវថ្នល់ ស្ពាន កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ផ្លូវដែក ទំនប់វារីអគ្គីសនី ផ្កាយរណបទំនាក់ទំនង និងគម្រោងផ្សេងៗទៀត ដែលសុទ្ធតែជាអាទិភាពកំពូល សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ មានគម្រោងធំៗដែលកើតចេញពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្រោម BRI រួមមានតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងប្រព័ន្ធខ្សែកាបអុបទិក ក្រោមសមុទ្រព្រះសីហនុ-ហុងកុង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរក្រោម BRI ខណៈដែលផ្លូវល្បឿនលឿន និងព្រលានយន្តហោះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចបន្ថែមទៀត។ BRI ក៏បានជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនដូចជា ការកសាងសមត្ថភាពស្ថាប័ន ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍ធនធានមនុស្ស ដោយសារប្រទេសចិន ជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទន់របស់កម្ពុជា តាមរយៈអាហារូបករណ៍ និងមជ្ឈមណ្ឌលស្រាវជ្រាវ ខណៈដែល ធនធានកាន់តែច្រើន ដែលវិនិយោគលើការច្នៃប្រឌិត និងបច្ចេកវិទ្យាបៃតង គឺត្រូវការជាចាំបាច់ ដោយសារការអភិវឌ្ឍន៍បៃតង បានក្លាយជាលក្ខណៈសំខាន់ នៃគម្រោង BRI ។ នៅក្នុងការតភ្ជាប់នេះ លោក ប្រាក់ សុខុន ជឿជាក់ថា BRI នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា មានមានប្រសាសនអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរបែបនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ តាមរយៈសំណេរ ជាមួយ វិទ្យុមិត្តភាពកម្ពុជា-ចិន នៃវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗនេះ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top