ព័ត៌មានជាតិ

១៥ កក្កដា ២០២២ ខួប១៤ឆ្នាំ នៃការឈ្លានពានរបស់សៀម លើតំបន់ប្រាសាទព្រះវិហារ

ភ្នំពេញ៖ គិតមកដល់ពេលនេះ គឺជាខួបទី១៤ឆ្នាំហើយ ដែលសៀម (ថៃ) បានចូលឈ្លានពានលើទឹកដីកម្ពុជា ក្នុងតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។

បើតាមកំណត់ត្រា របស់គេហទំព័រ «អរិយធម៌ខ្មែរ» បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ កក្កដា ២០០៨ មានជនជាតិថៃបីនាក់ ( ព្រះសង្ឃមួយអង្គ យាយជីមួយនាក់ និងតាជីមួយនាក់) បានឆ្លងដែនកាត់របងលួស ដែលគេបិតនៅទល់មុខប្រាសាទព្រះវិហារ ។ ពួកគេ បានកាន់ទង់ជាតិថៃ ដើម្បីយកទៅដោតលើប្រាសាទព្រះវិហារ។ ពេលអាជ្ញាធរខ្មែរបានឃាត់ពួកគេ ពួកគេមិនព្រមត្រឡប់ក្រោយវិញទេ តែគេសម្រេចចិត្ត អង្គុយសមាធិ នៅកាំជណ្តើរប្រសាទព្រះវិហារ។ រូបភាពទូរទស្សន៍ខ្មែរ កាលនោះបានបង្ហាញប៉ូលីសខ្មែរ ចាប់លើកពួកថៃទាំងបីនាក់នោះ ឲ្យក្រោកឡើង តែពួកគេមិនព្រមក្រោកទេ។ ខាងអាជ្ញាធរខ្មែរបានទាក់ទង ខាងទាហានថៃ ដែលនៅជិតនោះ ដែលថៃបានបញ្ជូនមក ក្នុងលេសទប់ស្កាត់ពួកអាវលឿង មិនឲ្យចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ ពួកទាហានថៃ ក៏ព្រមមកទទួលយកពួកជនជាតិថៃទាំងបីនាក់នោះទៅវិញ។

ក្រៅពីនេះ ស្រាប់តែមានទាហានថៃ ជាច្រើនផ្សេងទៀត នាំគ្នាសម្រុកចួលឆ្លងកាត់ព្រំដែន នៅខាងលិចជណ្តើរប្រាសាទព្រះវិហារ ចូលមកដីខ្មែរ នៅម្តុំវត្តកែវសិក្ខាគិរីស្វារៈតែម្តង។ កាលនោះ មានទាហានថៃពីរនាក់ បានដើរជាន់មីនដែលត្រូវបានគេកប់សម័យសង្រ្គាមស៊ីវិលខ្មែរ បណ្តាលឲ្យទាហានថៃម្នាក់ ដាច់ជើងទាំងពីរ ហើយទាហានម្នាក់ទៀត ដាច់ជើងម្ខាង។ ថៃបានយកហេតុការណ៍នេះ ទៅផ្សាយថា ទាហានខ្មែរ បានចូលដាក់មីន ក្នុងទឹកដីខ្លួន ជាហេតុនាំឲ្យទាហានថៃរងរបួស ។ ថៃបានថ្កោលទោសខ្មែរ ថាបានរំលោភអធិបតេយ្យជាតិរបស់ខ្លួន។ បន្ទាប់មក រដ្ឋាភិបាលថៃរបស់នាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនថារវេត បានបញ្ជូនទាហានដោះមីន មកកាន់តំបន់ព្រំដែន កាន់តែច្រើន។

បន្ទាប់មក រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់ផ្តើមចរចារ ជាមួយគ្នារហូតដល់ថ្ងៃ ទី ១៦ សីហា ២០០៨ ទើបមានកាត់បន្ថយទាហានថៃមួយចំនួនចេញ ពីវត្តកែវសិក្ខាគិរីស្វារៈឲ្យបាននៅតិចបំផុត។

រឿងដែលធ្វើឲ្យសាធារណៈមតិមានការរិះគន់ និងអស់សំណើចបំផុត នៅពេលនោះ គឺប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានអង្គការយូណេស្កូ បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ នោះ សៀមបែរជាកម្រើក នូវមហិច្ឆតាលោភលន់ លេបត្របាក់យកប្រាសាទ ដែលកម្ពុជាបានឈ្នះក្តី នៅឯតុលាការយុត្តិធម៌អន្តរជាតិ តាំងពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២មកម៉្លេះនោះ ទៅវិញ ដោយសៀមគ្រាន់តែអះអាងថា ព្រះវិហារជាតំបន់ទំនាស់ ហើយនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០០៨ សៀមបានបញ្ជូនទាហានឈុតខ្មៅឲ្យមកទន្រ្ទានឈរជើងនៅវត្តកែវសិក្ខាគីរីស្វារៈ។

គួរបញ្ជាក់ដែរថា ប្រាសាទព្រះវិហារ ស្ថិតនៅលើភ្នំដងរែក មានកម្ពស់៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើង រាជធានីភ្នំពេញ៕

To Top