ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានឹងបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ៨មាត្រាមុនដាក់ឲ្យអង្គសភាអនុម័ត ។ នេះបើយោងតាមអគ្គនាយករដ្ឋសភា បានឲ្យដឹងនៅថ្ងៃ១៨ កក្កដា ។
សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្តីពី វិសោធនកម្មលើមាត្រាទាំង៨ នោះរួមមាន៖ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩០ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័ន ជាតិ ។ បន្ទាប់ពីសិក្សាស្រាវជ្រាវរួច គណៈកម្មាការជំនាញ ធ្វើរបាយការណ៍ ដើម្បីស្នើដាក់ជូនសភាពេញអង្គ ដើម្បីពិនិត្យ និងអនុម័ត ។
បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋសភា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ រដ្ឋធម្មនុញ្ញស្តីពី វិសោធនកម្មនេះ មកដល់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។ បន្ទាប់ពីបានទទួលហើយ រដ្ឋសភាធ្វើតាមនីតិវិធី នឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ១៤ កក្កដា បានលើកឡើងថា រហូតមកដល់ពេលនេះរដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើកហើយ ដោយការធ្វើវិសោធនកម្មនេះ ដើម្បីបំពេញបម្ថែមចំពោះ ចំណុចខ្លះខាតរដ្ឋធម្មនុញ្ញ១៩៩៣ និងដើម្បីការពារប្រយោជន៍ របស់ជាតិមាតុភូមិកម្ពុជា។
ក្នុងអង្គសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ក៏បានគាំទ្រ ទាំងស្រុងលើសំណើវិសោធនកម្ម លើកទី១០នេះ ផងដែរ ។
សូមបញ្ជាក់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូល របស់ជាតិលើកទី១០ បានឆ្លងផុតគណៈរដ្ឋមន្រ្តីកាលពីថ្ងៃ៨ កក្កដា ហើយបន្តមកក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃ១៣ កក្កដា ដើម្បីមូលមាត់គ្នាថ្វាយព្រះមហាក្សត្រ ថែមទាំងមានការបកស្រាយ ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរនោះ ត្រូវបានខាងបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកតាមដានសង្គមរិះគន់ ។ ដោយពួកគាត់អះអាងថា ធ្វើឡើងដើម្បីតំណែង នាយករដ្ឋមន្រ្តីមិនមែនសំដៅ លើស្ថាប័នជាតិទាំងមូល៕