ព័ត៌មានជាតិ

រថយន្ដចង្កូតស្ដាំអត់ពន្ធ មកបង់ពន្ធជាង១ពាន់គ្រឿង និងចង្កូតឆ្វេង១៥គ្រឿង ទទួលប្រាក់៤.៣៥ លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ(១-១៨ កក្កដា) មានម្ចាស់ និងអ្នកកាន់កាប់រថយន្ត ចង្កូតស្តាំចូលមកចុះបញ្ជីចំនួន ២ ០៦០ គ្រឿង ក្នុងនោះ បង់ពន្ធរួចចំនួន១ ០២៩ គ្រឿង និងរថយន្តចង្កូតឆ្វេងបង់ពន្ធចំនួន ១៥គ្រឿង ដោយទទួលថវិកាចំនួន ៤.៣៥ លានដុល្លារ ។

យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយ នាថ្ងៃទី១៨ កក្កដា បានបញ្ជាក់ថា “ពីថ្ងៃ១-៨កក្កថាម្ចាស់ និងអ្នកកាន់កាប់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ បានចូលខ្លួនមកចុះបញ្ជីរថយន្ត និងបង់ពន្ធ និងអាករជាបន្តបន្ទាប់ ក្នុងនោះ រថយន្តចង្កូតស្តាំត្រូវបានចុះបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ចំនួន ១ ០២៩ គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់ បានបង់ពន្ធនិងអាករចំនួន១ ០៣១ គ្រឿង។ រថយន្តចង្កូតឆ្វេងត្រូវបានអនុញ្ញាតឲ្យ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយមិនរងពិន័យមានចំនួន ១៥ គ្រឿង។ ទឹកប្រាក់ពន្ធនិងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំនិងឆ្វេងខាងលើ មានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤.៣៥ លានដុល្លារអាមេរិក)»។

អគ្គនាយកដ្ឋានគយបន្ថែមថា ទន្ទឹមនឹងការទទួលឲ្យម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់នៅសេសសល់មកចុះបញ្ជី និងបង់ពន្ធនិងអាករ អគរ ក៏បានបន្ថែមកម្លាំងមន្ត្រីគយនិងរដ្ឋាករ ចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់ការលួចនាំចូល ឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់។ ជាលទ្ធផល មកដល់បច្ចុប្បន្ន ពុំមានបទល្មើសនៃការនាំចូលរថយន្ត ខុសច្បាប់ចូលកម្ពុជាទៀតទេ។

ឆ្លៀតក្នុងឱកាសនេះដែរ គយ ក៏បានក្រើនរំលឹកទៅម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅអង្គភាពគយ និងរដ្ឋាករ ត្រឹមថ្ងៃ៣១ កក្កដា ជៀសវាងការអនុវត្តវិធានការបង្ក្រាប និងរឹបអូសដោយមន្ត្រីគយ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕

To Top