ព័ត៌មានជាតិ

ករណីកូវីដបំប្លែងថ្មី B.A4 និងBA.5 លោកស្រីឱ វណ្ណឌីន លើកទឹកចិត្តឲ្យពលរដ្ឋ ធ្វើតេស្តរហ័សខ្លួនឯង បើសង្ស័យ

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ដោយខ្លួនឯង ប្រសិនបើក្នុងករណីមានការសង្ស័យ ។

ការថ្លែងលើកទឹកចិត្ត ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីននេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា រកឃើញករណីឆ្លងកូវីដអូមីក្រុង បំប្លែងថ្មីប្រភេទ B.A4 និងBA.5 ជាបន្តបន្ទាប់ ខណៈថ្ងៃ១៩ កក្កដានេះ ក្រសួងប្រកាសថា រកឃើញអ្នកឆ្លងថ្មី២២នាក់ទៀត និងមានអ្នកជាសះស្បើយ១៧នាក់ ។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់តាមសារជាសំឡេងនាថ្ងៃ១៩ កក្កដាថា «អ្វីដែលជាការ កត់សម្គាល់ ខ្ញុំសូមធ្វើការអនុញ្ញាត ក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋផងដែរថា ប្រសិនបើបងប្អូនមាន ការសង្ស័យ ចំពោះការចម្លងវីរុសកូវីដ១៩ ទៅលើសរីរាង្គរបស់ខ្លួន សូមបងប្អូនកុំនៅបណ្ដែតបណ្ដោយយូរ សូមធ្វើតេស្តរហ័សដោយខ្លួនឯង ដើម្បីបញ្ជាក់អំពីភាពវិជ្ជមាន ឬអវិជ្ជមានវីរុសកូវីដ១៩ លើបុគ្គលដែលមានការសង្ស័យថា អាចមានការឆ្លងកូវីដអូមីក្រុង ពពួក B.A4 និងBA.5នេះ» ។

លោកស្រីបន្តថា ការធ្វើតេស្តរហ័សនេះ គឺមានសារៈសំខាន់ ជាពិសេសដើម្បីដឹងច្បាស់ពីលទ្ធផល ហើយអាចទទួលបានការព្យាបាលទាន់ពេលវេលា និងអាចចៀសផុត ពីការឈានទៅភាពធ្ងន់ធ្ងរផងដែរ ។

លោកស្រី ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ទាំងអស់ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសដូសជំរុញឲ្យបានត្រឹមត្រូវ តាមកាលកំណត់ និងបន្តអនុវត្តវិធានការការពារ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕

To Top