ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខតទៅ ដោយឥតគិតថ្លៃ ក្នុងរយៈពេល ១ខែ។

នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (Expressway PP-SHV) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា សម្រាប់តម្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឆ្នាំដំបូង រថយន្ដទេសចរណ៍ ឬរថយន្ដលក្ខណៈគ្រួសារ តម្លៃ ១២ដុល្លារ ដោយឡែក រថយន្ដធំប្រភេទដឹកទំនិញ ៦០ដុល្លារ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានចម្ងាយ ១៨៧គីឡូម៉ែត្រ ហើយមកដល់ពាក់កណ្ដាលខែកក្កដា នេះ គឺធ្វើបាន ៩៥ភាគរយហើយ ចឹងយើងសល់ ៥ភាគរយទៀត គឺទាក់ទងទៅនឹងផ្លាកសញ្ញា ដាំដើមផ្កា កាំមេរ៉ា ជាដើម ចឹងគ្រោង នឹងបញ្ចប់ ហើយដាក់ឲ្យប្រើប្រាស់ ជាបណ្ដុះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ ក្នុងយៈពេលមួយខែ ផ្ដល់ឲ្យបងប្អូន យើងប្រើប្រាស់ផ្លូវនេះ»។

លោករដ្ឋមន្ដ្រី បានបន្ថែមថា មុននឹងដាក់ឲ្យពលរដ្ឋប្រើប្រាស់ ផ្លូវល្បឿនលឿននេះបណ្ដុះអាសន្ន ក្រសួងសាធារណការនឹងផលិតស្តតផ្សព្វផ្សាយ ដើម្បីពន្យល់ដល់ពលរដ្ឋ ក្នុងការប្រើប្រាស់ ផ្លូវល្បឿនលឿននេះ ។

លោករដ្ឋមន្ដ្រី បានបន្ដថា ក្រោយផុតរយៈពេលដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ក្នុងនោះ ម្ចាស់រថយន្ត អាចទិញ កាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខ រថយន្តរបស់ខ្លួន ជួយឲ្យចំណេញ ពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីន នៅតាមបញ្ជរបង់ប្រាក់ នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរកអាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូ របស់ក្រុមហ៊ុនសាងសង់ ។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិក នៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ពេលធ្វើដំណើរចាកចេញ ច្រកណាមួយបុគ្គលិក នៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយប្រើប្រាស់ រយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកា ប្រមាណ ២០១៩លានដុល្លារ ។ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រ សំខាន់បំផុតនៅកម្ពុជា៕
