ភ្នំពេញ ៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក H.E Mr. MIYAZAKI Masao សមាជិកសភា និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នាទីស្តីការក្រសួង ។

លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈលោក H.E Mr. MIYAZAKI Masao ដែលបាននឹងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនធានទឹក ត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយនឹងបន្ត នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងល្អ ជាប្រវត្តិសាស្ត្រយូរលង់មកហើយ ឲ្យកាន់តែល្អប្រសើរ និងកាន់តែរឹងមាំបន្ថែមទៀត ។ លោករដ្ឋមន្រ្តី បានជម្រាបជូន លោក H.E Mr. MIYAZAKI Masao អំពីសមិទ្ធផល និង ការងារ ដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារ ចំពោះមុខក្នុងក្របខណ្ឌ វិស័យធនធានទឹក និង ឧតុនិយម ដើម្បីរួមចំណែកដោះស្រាយ នូវបញ្ហាប្រឈមក្នុងបរិបទ នៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានស្នើលោក H.E Mr. MIYAZAKI Masao ដែលជាអ្នកបច្ចេកទេស មានបទពិសោធន៍ និងធ្លាប់ជាជំនាញការ ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ផងនោះ ធ្វើការពិចារណ និងជួយជម្រុញ គម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (CP-P14) ឲ្យឆាប់បានដំណើរការ ក្នុងពេលឆាប់ៗនេះ ។

លោក H.E Mr. MIYAZAKI Masao បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយ លោករដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ការងារលើវិស័យធនធានទឹក និង ឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្ត ដែលត្រូវអនុវត្តក្នុង បេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត ។ លោក H.E Mr. MIYAZAKI Masao បានជម្រាបជូនលោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយ របស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើន តាមរយៈការធ្វើយ៉ាងណា ឲ្យមាននិរន្តរភាពសម្រាប់ប្រព័ន្ធស្បៀងអាហារ ការធ្វើឲ្យប្រសើរឡើងនូវបទដ្ឋាន បច្ចេកទេសធារាសាស្រ្ត និងការផ្តល់ជំនួយផ្នែកបច្ចេកទេស ដោយជំនាញការ ដែលមានបទពិសោធន៍ ។

ពាក់ព័ន្ធនឹងគម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (CP-P14) ឯកឧត្តម H.E Mr. MIYAZAKI Masao សន្យាថា នឹងធ្វើការពិភាក្សាគ្នា ជាមួយអង្គការ JICA ដើម្បីបន្តជម្រុញគម្រោងនេះ ឲ្យចេញជារូបរាងឡើង បន្ទាប់ពីការ សិក្សា តំណាក់កាលទី ១ ដែលកុងស៊ុលតង់គម្រោង បានជ្រើសរើសយកអនុគម្រោងរលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងផ្នែកខ្លះ នៃអនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ សម្រាប់យកមកអនុវត្តការងារ សាងសង់ ដែលមានថវិកាសរុបចំនួនជាង 51 លានដុល្លារអាមេរិក ។ នៅក្នុងតំណាក់កាលទី ២ កុងស៊ុលតង់គម្រោង បានជ្រើសរើសយកអនុគម្រោងស្លាគូ ស្ថិតក្នុងខេត្តតាកែវ អនុគម្រោងប្រឡាយ ៣៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ អនុគម្រោង ស្រះប្រាំបី ស្ថិតក្នុងខេត្តកណ្តាល និងផ្នែកខ្លះ នៃអនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ សម្រាប់យកមក អនុវត្តការងារ សាងសង់ ដែលត្រូវការថវិកាសរុបចំនួនជាង 70 លានដុល្លារអាមេរិក ៕

















