នយោបាយ

លោក សយ សុភាព៖ ព្រឹទ្ធសភាអាមេរិក យល់ព្រមលើសេចក្តីស្នើច្បាប់ ស្តីពីប្រជាធិបតេយ្យកម្ពុជា មិនអាចទៅរួច (Video)

ភ្នំពេញ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា មិនអាចកើតមាននោះទេ ចំពោះព្រឹទ្ធសភាសហរដ្ឋអាមេរិក យល់ព្រមលើសេចក្តីស្នើច្បាប់ ស្តីពីប្រជាធិបតេយ្យកម្ពុជា ។ សេចក្តីស្នើច្បាប់នេះ មានគោលបំណង ដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ។

https://youtu.be/s87gY1JiTmE

សារព័ត៌មានវីអូអេ ផ្សាយជាខេមរភាសា បានផ្សាយថា “គណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ទើបតែអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា នៅល្ងាចថ្ងៃអង្គារនេះ។ ប្រធានគណៈកម្មាធិការគឺលោក Bob Menendez បានថ្លែងថានេះជាការជួយកសាងឡើងវិញ នូវគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា”។

លោក សយ សុភាព តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២០ កក្កដា លើកឡើងថា ការមិនអាចទៅរួចនេះ ជាការធ្វើឲ្យមនុស្សមួយក្តាប់តូច ដែលជាអ្នកប្រឆាំងនិងគាំទ្រអតីតមេបក្សប្រឆាំងជឿស៊ប់ ប៉ុន្តែការជឿនេះ គឺមិនអាចទៅរួចនោះទេ ។

សារយ៉ាងខ្លីតែមានអត្ថន័យជ្រាលជ្រៅ របស់លោក សយ សុភាព ដោយភ្ជាប់នឹងអត្ថបទរបស់វិអូអេ ស្តីពីសេចក្តីស្នើច្បាប់លើប្រជាធិបតេយ្យកម្ពុជានេះ គឺថា “នេះជាយុទ្ធវិធីធ្វើឲ្យខ្មែរមួយក្រុមតូច ឆ្កួតជឿលើអ្វីដែលមិនអាចកើតមាន បន្ទាប់មកនឹងធ្វើឲ្យសកម្មជនសិទ្ធិមនុស្ស និងឃោសនិកបក្សនយោបាយខ្លះជាប់គុក និងរត់ចោលស្រុក អាចហៅម៉្យាងទៀតថា របៀបបោកខ្មែរប្រឆាំង ឲ្យបំរើឧបាយកលរបស់គេគ្មានទីបញ្ចប់” ។

លោកក៏បានស្នើឲ្យអ្នកប្រឆាំងនោះ កុំលង់លក់ឈ្លក់វង្វែងល្បិចកញ្ជ្រោងចាស់ ដែលបោកប្រាស់រាប់សិបឆ្នាំមក ៕

To Top