ព័ត៌មានជាតិ

ជប៉ុន សន្យាបង្កើនឥណទាន សម្បទានទ្វេដង ឆ្លើយតបតម្រូវការ អភិវឌ្ឍរបស់កម្ពុជា (Video)

ភ្នំពេញ៖ លោក HATAEDA Mikio អគ្គនាយកទទួលបន្ទុក នាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានសន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍកម្ពុជា និងហិរញ្ញប្បទាន សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីគាំទ្រសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២០ កក្កដា លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះចំណាត់ការ និងវិធានការនានាដែលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

លោកបញ្ជាក់ថា «សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទាន សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា»។

នាឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោងមួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខណ្ឌឥណទានសម្បទានពីជប៉ុន (Japanese ODA Loan) ។

ជាការឆ្លើយតបលោក អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាពគម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាល សិក្សាលទ្ធភាពគួរត្រូវបានគិតគូរ និងបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាង ទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម ឲ្យមានភាពប្រទាក់ក្រឡា ជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់កម្ពុជា៕

To Top