ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស ជនជាប់ចោទ ជនជាតិចិន ចំនួន ៩នាក់ ដាក់គុក ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត និង ពិន័យ ជាប្រាក់ ក្នុងម្នាក់ៗ ពី ៥០ លានរៀល ទៅ ៨០ លានរៀល ជាប់ពាក់ព័ន្ធនឹងការ ប៉ុនប៉ងដឹកជញ្ជូន និង ជួញដូរគ្រឿង ឆ្លងដែនជិត ៣៥០ គីឡូក្រាម ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី តាមកប៉ាល់ទឹក តាមផ្លូវសមុទ្រ កាលពី ឆ្នាំ ២០២១។
លោក ញឹម ពិសាល ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទទាំង៩នាក់ឈ្មោះ ៖ ទី ១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)។ ទី ២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣ ។ ទី ៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩ ។ ទី ៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០ ។ ទី ៥-ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩ ។ ទី ៦-ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥ ។ ទី ៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០ ។ ទី ៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២ ។ និង ទី ៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២ ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទចិនទាំង ៩នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង បទលាងសម្អាតប្រាក់។
លោកចៅក្រមបានថ្លែងថា: ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២១ នៅទីតាំងផ្សេងៗ នៅក្នុង ខណ្ឌច្បារអំពៅ និង ខណ្ឌ ៧ មករា រាជធានី។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) -ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង -សម្ភារៈវេចខ្ចប់មួយចំនួន រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 – ម៉ូតូ ១គ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 – ទូរស័ព្ទដៃ ចំនួន ១០គ្រឿង និងប្រាក់៣០០ ដុល្លារអាមេរិក ៕
ដោយ: លីហ្សា