នៅឆ្នាំ២០២២នេះ រដ្ឋាភិបាលចិននៅតែបានផ្តល់ហិរញ្ញប្បទានឥតសំណង តាមរយៈមូលនិធិពិសេសនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធុនតូច និងមធ្យម នៅតាមបណ្តាប្រទេសមេគង្គ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដែលផ្តោតសំខាន់លើប្រជាជន ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ ក្នុងគោលបំណងជំរុញការសម្រេច បាននូវគោលដៅនៃកិច្ចសហប្រតិបត្តិការនេះ ឱ្យទទួលបាននូវលទ្ធផលជាក់ស្តែង។
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទគឺជាស្ថាប័នមួយ ក្នុងចំណោមក្រសួងស្ថាប័នសំខាន់ៗរបស់កម្ពុជា ដែលតែងតែទទួលបានគម្រោងយកមកអនុវត្ត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតមកដល់ឆ្នាំ២០២២នេះ។
lលោកបណ្ឌិត ព្រំ សុមានី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ជាប្រធានលេខាធិការដ្ឋានគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងកសិកម្ម បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ចាប់តាំងពីឆ្នាំ២០១៧មក ក្រសួងកសិកម្ម ទទួលបានគម្រោងចំនួន៦ហើយ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត ២.៥លានដុល្លារអាមេរិក។
លោកថា គម្រោងក្រោមក្របខណ្ឌមេគង្គ-ឡានឆាង គឺបានផ្តល់ផលប្រយោជន៍មកដល់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ជាពិសេស ប្រជាជនដែលចូលរួមការអនុវត្តគម្រោងនេះ ហើយគម្រោងនេះ មិនត្រឹមតែជួយដល់ប្រទេសកម្ពុជា ដែលជាអ្នកអនុវត្តប៉ុណ្ណោះទេ នឹងងរួមចំណែកជួយដល់បណ្តាសមាជិករបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទំាង៦ប្រទេស ដោយសារតែក្នុងគម្រោងនីមួយៗ ភាគច្រើនធ្វើជាលក្ខណៈយុទ្ធសាស្ត្ររួម ក្នុងការចែករំលែក ដូចជា គម្រោងទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ លើវិស័យជលផល ការគ្រប់គ្រងសកម្មភាពល្បាតការអនុវត្តច្បាប់ទាក់ទងនឹងគ្រប់គ្រងធនធានជលផល គឺក្រសួងបានរៀបចំជាផែនការថ្នាក់តំបន់មួយ សម្រាប់ឲ្យប្រទេសទាំង៦ ជាសមាជិកមេគង្គ-ឡានឆាង ធ្វើកិច្ចសហការគ្នា ពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រផ្សេងៗ ដើម្បីអនុវត្តរួមគ្នា។ ក្រៅពីនេះ ក៏មានគម្រោងទាក់ទងនឹងសហគមន៍នេសាទ ដែលត្រូវបានរៀបចំផែនការយុទ្ធសាស្ត្រការគ្រប់គ្រងសហគមន៍នេសាទនៅកម្ពុជា និងមានការចូលរួមពិភាក្សាពីបណ្តាប្រទេសដែលជាសមាជិកទាំង៦ នៃក្របខណ្ឌមេគង្គ-ឡានឆាង ជជែកគ្នាដើម្បីបង្កើតជាផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗ ចូលរួមធ្វើទាំងអស់គ្នា និងចែករំលែកបទពិសោធន៍ តាមរយៈការរៀបចំជាសិក្ខាសាលាថ្នាក់តំបន់ ជាដើម។
ជារួម លោកមបណ្ឌិត ព្រំ សុមានី វាយតម្លៃខ្ពស់ថា គម្រោងមូលនិធិពិសេស មេគង្គ-ឡានឆាង គឺផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់កម្ពុជា និងបណ្តាប្រទេសជាសមាជិកផ្សេងៗ ក្នុងការអនុវត្ត ដែលឈានដល់ការពង្រឹងសមត្ថភាព ទាំងសមត្ថភាពថ្នាក់ជាតិ ក្នុងតំបន់ ដើម្បីរួមគ្នាកសាង ការពារអភិរក្សធនធានធម្មជាតិ ជាពិសេស ការផ្លាស់ប្តូរបច្ចេកទេស ទាក់ទងនឹងវិស័យកសិកម្មផ្សេងៗ មិនត្រឹមតែការការពារអភិរក្ស អភិវឌ្ឍន៍ទេ តែយើងក៏មានការផ្លាស់ប្តូរបច្ចេកទេស តាមរយៈការចូលរួមចែករំលែក ឬ ផ្លាស់ប្តូរបទពិសោធន៍ ពីសមាជិកក្នុងតំបន់ នៃក្របខណ្ឌមេគង្គ-ឡានឆាង។
លោកបណ្ឌិត ព្រំ សុមានី «ឆ្លៀតឱកាសនេះ ដើម្បីជាការអរគុណទៅដល់ខាងភាគីចិន.. ទោះបីជា នៅពេលដែលយើជួបប្រទះបញ្ហាកូវីដក៏ដោយ ក៏ភាគីចិននៅតែបន្តនូវការគាំទ្ររបស់គម្រោង ដោយផ្តល់ជាថវិកាមកដល់កម្ពុជា ទាំងនៅឆ្នាំ២០២០, ២០២១, ២០២២ ក៏ដោយ យើងឃើញថា នៅតែបន្តផ្តល់នូវគម្រោងថវិកា ដើម្បីអនុវត្តគម្រោងទាំងអស់នេះ ហើយក្នុងនាមជាប្រធានលេខាធិការដ្ឋានសម្រាប់ក្រសួងកសិកម្ម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង…ខ្ញុំក៏ថ្លែងអំណរគុណដល់ភាគីចិន ជាពិសេស ប្រជាជននិងរដ្ឋាភិបាលចិន ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភ គាំទ្រដល់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ឲ្យមានដំណើរការទៅដោយរលូន ហើយក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ ក្រសួងការបរទេសកម្ពុជាផងដែរ ដែលជាលេខាធិការដ្ឋានថ្នាក់ជាតិ ក្នុងការជួយសម្របសម្រួល ឲ្យយើងបានដំណើរការគម្រោងនេះបានទៅ ដោយរលូន សូមអរគុណ»។
សម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះដែរថា នេះគឺជាតភ្ជាប់បណ្តាប្រទេសទាំង៦ដែលបានប្រើប្រាស់ទន្លេរួមគ្នា ជាពិសេស រវាងកម្ពុជានិងចិន ដើម្បីបង្កើនកិត្យានុភាពរបស់តំបន់ទន្លេមេគង្គផង ហើយក៏ជាការចូលរួមចំណែកក្នុងការផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាពលរដ្ឋ តាមដងទន្លេមេគង្គ-ឡានឆាងនេះផងដែរ តាមរយៈការចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្ស កាត់បន្ថយភាពក្រីក្រ ការថែរក្សាបរិស្ថាន ការធានាបាននូវបរិមាណធនធានទឹក ជាពិសេស គឺចូលរួមក្នុងពហុវប្បធម៌ និងពហុសាសនា នៃបណ្តាប្រជាជាតិនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង។