ព័ត៌មានជាតិ

ប្រកាសលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ជំនួសលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដែលដាក់ឱ្យចូលនិវត្តន៍

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រកាស ផ្លាស់ប្ដូរមុខតំណែងប្រធាន អនុប្រធាមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយក្នុងនោះលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រកាសជាប្រធានមន្ទីរ ជំនួសលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដែលដាក់ឲ្យចូលវត្តន៍ និងលោកវេជ្ជបណ្ឌិតថោង អ៊ុំ សុធា ប្រកាសជាអនុប្រធានមន្ទីរ សុខាភិបាលខេត្តស្វាយរៀង។

ពិធីប្រកាសផ្លាស់ប្តូរមុខតំណែងប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងនេះ ក៏មានការចូលរួមពីមន្ត្រី អាជ្ញាធរដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ថ្លែងនៅក្នុងឱកាសនោះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិតកែរ រដ្ឋាអតីតជាមន្ទីរសុខាភិបាលខេត្តដែលបាន ខិតខំ យកចិត្តទុកដាក់ ធ្វើ ការងារ បម្រើ សេវាសុខាភិបាលជូនប្រ ជា ពលរដ្ឋ បានល្អប្រសើរ ជាពិសេសនៅកំឡុងពេលកូវីដ១៩ កំពុងរាតត្បាត នៅក្នុងប្រទេស ខិតខំពិនិត្យ និងពន្យាបាលដោយ យកចិត្តទុកដាក់ ដោយមិនខ្លាចនឿយហត់ឡើយ ។

ជាមួយគ្នានេះលោក ម៉ែន វិបុល ក៏បានថ្លែងជំរុញដល់ លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុខាភិបាលថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន លើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ប្រកបដោយការ ទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។

លោកបានបន្តថា ប្រធានមន្ទីរសុខាភិបាល ក៏ត្រូវមានការទទួលខុសត្រូវ និង គណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យ លើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅអោយរដ្ឋបាលខេត្ត។

លោកអភិបាលខេត្ត ក៍បានជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាល ភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យ នៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍។

លោកអភិបាលខេត្តបានថ្លែងផ្តាំផ្ញើរដល់លោក ប្រធានមន្ទីរ និងលោកអនុប្រធាន មន្ទីសុខាភិបាលខេត្តថ្មី ត្រូវសហការគ្នា ឲ្យបានល្អ មានសាមគ្គីភាពគ្នាជាធ្លុងមួយ ជាមន្ត្រីស្ថាប័ន ពាក់ព័ន្ធនិងមន្ត្រីក្រោមឱវាទរបស់ខ្លួន ព្រមទាំងត្រូវចូលរួមប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ ពង្រឹងធនធានមនុស្សផ្នែក សុខាភិបាលឲ្យបានខ្លាំង ហើយសូមមន្រ្តីសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញដល់ ប្រជាពលរដ្ឋត្រូវបន្តចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣.៤.៥) ឲ្យបានគ្រប់គ្នាដើម្បីមាន ភាពស៊ាំនៅក្នុងសហគមន៍ ក្នុងការបន្តនិរន្តរភាពការងារ អភិវឌ្ឍប្រទេសឲ្យរីកចម្រើន ជាបន្តបន្ទាប់ទៀតក្រោមយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយក្នុងការ រួមចំណែកអភិវឌ្ឍប្រទេសជាតិ ៕

To Top