ព័ត៌មានជាតិ

អង្គការ SPTF និងសមាគមមីក្រូហិរញ្ញវត្ថុ ចុះMOU ដើម្បីពង្រឹងកិច្ចគាំពារអតិថិជន ក្នុងវិស័យសេវាហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ ៖ អង្គការ Social Performance Task Force (SPTF) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ក្នុងការពង្រឹងកិច្ចគាំពារអតិថិជន ក្នុងវិស័យសេវាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយការទទួលខុសត្រូវ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីធនាគារជាតិនៃកម្ពុជា។ ភាគីពាក់ព័ន្ធបរិយាបន្នហិរញ្ញវត្ថុ មកពីជុំវិញពិភពលោក បានចូលរួមក្នុងពិធីនេះដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

លោក Nitin Madan នាយកផ្នែក បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍ នៃអង្គការ SPTF មានប្រសាសន៍ថា «ភាពជាដៃគូថ្មី ដែលមានតែមួយ និងដំបូងគេបង្អស់នេះ នឹងបង្កើតជាផែនទីចង្អុលផ្លូវ នាំដល់ការរីកចម្រើន វិស័យហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ ស្ថិរភាពហិរញ្ញវត្ថុ និង កិច្ចគាំពារអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូលផងដែរ។ សមាគម និងសមាជិករបស់ខ្លួន ក៏អាចដាក់ពាក្យស្នើសុំសហហិរញ្ញប្បទាន សម្រាប់អនុវត្ត និងពង្រឹងសមត្ថភាព លើការអនុវត្តបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ក្នុងចំណោមស្ថាប័ន ផ្តល់សេវាហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ។

លោក បន្ដថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិក ១២១គ្រឹះស្ថាន គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅ ធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូប ទទួលបាននូវសេវាហិរញ្ញវត្ថុ ផ្លូវការប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា បានថ្លែងថា «កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មានគោលបំណងពង្រឹង ការអនុវត្តអាជីវកម្មប្រកប ដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុង នៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើន ប្រកបដោយការ ទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន»។

លោក បន្ថែមថា កិច្ចផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញ ស្របពេលដែល Smart Campaign ឈានដល់ ទីបញ្ចប់ ដោយនឹងជំនួស ដោយកិច្ច សហប្រតិបត្តិការជាមួយ SPTF-CERISE ក្នុងដំណើរដ៏សកម្មបន្តទៅមុខ ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងដើរតួនាទី ក្នុងកិច្ចការជំរុញ និងអនុវត្តនូវស្តង់ដារ ការពាអតិថិជនថ្មីរបស់ SPTF-CERISE ក៏ដូចជាវិញ្ញាបនបត្រទទួលស្គាល់ ផងដែរ។

លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករង ត្រួតពិនិត្យទី១ ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា ជំនឿទុកចិត្តពីសាធារណជន ក្នុងការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បង ក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សាស្ថិរភាព ប្រព័ន្ធធនាគារ ទាំងមូល ហើយកិច្ចការពារអតិថិជន ក៏ត្រូវបានចាត់ទុកជាការងារអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ។

លោកស្រី Laura Foose នាយកប្រតិបត្តិអង្គការ SPTF បានបញ្ជាក់ថា ចាប់តាំងពីអង្គការ SPTF បានបង្កើតឡើងក្នុងឆ្នាំ២០០៥ យើងបានឃើញឥទ្ធិពល នៃការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចការ ស្វ័យបញ្ញត្តិប្រកបដោយប្រសិទ្ធភាព។ តាមប្រទេស ដែលមានភូមិសាស្រ្ត និងវប្បធម៌ខុសៗគ្នា ទីផ្សារហិរញ្ញវត្ថុ នឹងមានសុខមាលភាពល្អ លុះណាអតិថិជន ទទួលបានការពារ នៅពេលដែលអ្នកផ្តល់សេវារួមគ្នា អនុវត្តក្រមសីលធម៌ និងស្តង់ប្រតិបត្តិការដូចគ្នា ព្រមទាំងទទួលខុសត្រូវ ចំពោះមុខគ្នាទៅវិញទៅមក ៕

To Top