ព័ត៌មានជាតិ

បណ្ឌិត អ៊ិន ចាន់នី៖ កម្ចីប្រមាណ១.២១ពាន់លានដុល្លារ បានផ្ដល់ជូនវិស័យកសិកម្ម

ភ្នំពេញ៖លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា គិតត្រឹមរយៈពេល៦ ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្តល់ឥណទានដល់វិស័យកសិកម្មបានចំនួនប្រមាណ១.២១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការរួមចំណែក លើកម្ពស់វិស័យកសិកម្មនៅកម្ពុជា។

ក្នុងជំនួបរធុរកិច្ចវិស័យកសិក្ម ដែលរៀបចំឡើងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងថា វិស័យកសិកម្មក៏ជាវិស័យអទិភាពមួយ របស់ធនាគារអេស៊ីលីដា បើតាមការពិនិត្យរបស់លោក ក្នុងចំណោមឥណទានសរុប ដែលបានផ្ដល់ទៅឲ្យគ្រប់វិស័យទាំងអស់ ដែលក្នុងនោះវិស័យកសិកម្មបានផ្ដល់ឲ្យច្រើនជាងគេមានរហូតដល់ទៅ២១ភាគរយនៃឥណទានសរុប។ លោកថា កំណើននេះគិតថា កំណត់ទិសដៅធ្វើតែ១០ភាគរយទេនៃឥណទានសរុប ប៉ុន្តែតម្រូវការចេះតែមានការកើនឡើង។

លោកបន្តថា អត្រានៃការខូចខាតក្នុងវិស័យនេះមិនសូវមានដូចក្នុងវិស័យដទៃទេ វាមានការរីកចម្រើនទាំងអស់គ្នា (វិនិយោគិនក៏មានការរីកចម្រើនឯខាងធនាគារក៏មានការរីកចម្រើនដូចគ្នា) ដូច្នេះយើងចេះតែពង្រីករហូតដល់១៥ភាគរយ ប៉ុន្តែដល់ទីបំផុតកំណត់ថាមិនធ្វើលើសពី២១ភាគរយ ខណៈឥឡូវឡើជិត២១ភាគរយហើយ។ លោកថាចំនួននេះនឹងកើនឡើងថែមទៀត ដោយសារកម្លាំងទុនពីខាងក្រៅ គឺអង្គការ JICA និងធនាគារធំមួយរបស់ប្រទេសជប៉ុន បានផ្ដល់មូលនិធិជាហិរញ្ញប្បទានដល់ធនាគារ អេស៊ីលីដា ដើម្បីឲ្យប្រើប្រាស់ចំនួន១៣៥លានដុល្លារអាមេរិក ដែរនេះគឺជាប្រភពទុនដ៏សំខាន់មួយ។

លោកបណ្ឌិត បានបញ្ជាក់ថា “ឥណទានសរុបដែលបានផ្ដល់ក្នុងវិស័យកសិកម្មមកដល់ខែ៦ ឆ្នាំ២០២២នេះមានចំនួន១.២១ពាន់លានដុល្លារ ក្នុងនោះមានវិស័យធំៗចំនួន៣ មានផ្នែកដាំដុះ ,ផ្នែករុក្ខាប្រមាញ់ និងផ្នែកនេសាទ រួមទាំងផ្នែកបន្ទាប់បន្សំទៀតផងដែរ”។

លោកបន្ថែមថា ធនាគារអេស៊ីលីដា បានចាប់ដៃគូជាមួយធនាគាររបស់រដ្ឋគឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថានឹងធ្វើការរួមដៃជាមួយគ្នា ដើម្បីធ្វើឲ្យប្រភពទុនមានវិសាលភាពទូលំទូលាយ បានទៅដល់ដៃអ្នកវិនិយោគិនក្នុងវិស័យកសិកម្ម។

លោកបណ្ឌិត បញ្ជាក់ថា តម្លៃអត្រាការប្រាក់វាស្រ័យទៅតាមទីផ្សារ យើងលក់ក្នុងតម្លៃទីផ្សារចង់បាន (ប្រៀបធៀបប្រហាក់ប្រហែលនឹងធនាគារដទៃ) លើកលែងតែកម្មវិធីពិសេសដែលយើងបានចាប់ដៃគូជាមួយធនាគាររបស់រដ្ឋគឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺអត្រាពិសេសដែលយើងផ្ដល់ជូន ក្រៅពីនោះយើងផ្ដល់តាមតម្លៃទីផ្សារ (ស្ថាប័នដទៃផ្ដល់ប៉ុណ្ណាយើងផ្ដល់ប្រហាក់ប្រហែលហ្នឹងដែរ)។

ជាមួយគ្នានោះដែរ លោក តី សារិន ប្រធានគ្រប់គ្រងកម្មវិធី អង្គការដៃគូដើម្បីចរីរភាពវិស័យកសិកម្មកម្ពុជា បានឲ្យដឹងថា ផលិតផលកសិកម្មមកដល់បច្ចប្បន្ននេះពួកគាត់មានសមត្ថភាពផលិតបានច្រើន។ ប៉ុន្តែបញ្ហានៅត្រង់ថាពួកគាត់មិនអាចស្វែងរកទីផ្សាលក់ផលិតផលរបស់គាត់ ទន្ទឹមនិងទីផ្សារនោះដែរ គឺដើមទុននោះជារឿងសំខាន់ណាស់ បើសិនជាពួកគាត់មិនមានដើមទុនទេ ច្បាស់ណាស់គាត់មិនផលិតបានទេ។ ដែលនេះធ្វើឲ្យសហគមន៍ឬកសិករមួយចំនួនព្យាយាមទៅធ្វើការក្នុងវិស័យផ្សេងឬបង្ខំចិត្តធ្វើចំណាកស្រុក ដោយសារតែខ្វះប្រភពដើមទុន។

លោកបន្ថែមថា កសិកឬជាពិសេសសហគមន៍កសិកម្ម ដែលជាបណ្ដុំកសិករ គឺពួកគាត់ត្រូវការដើមទុនក្នុងអត្រាការប្រាក់ណាដែលទាបនិងពិសេសលក្ខខណ្ឌដើម្បីទទួលបានដើមទុនងាយស្រួល។ ដោយសារសហគមន៍កសិកម្មភាគច្រើនពួកគាត់មិនជាប្លង់ដីផ្ទាល់ខ្លួនអី្វទេ ពីព្រោះដីដែលពួកគាត់ទទួលបានជាកម្មសិទ្ធិរបស់សហគមន៍កសិកម្មនោះ គឺដីទទួលបានពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ… ខណសហគមន៍ខ្លះក៏មានមិនប្លង់នោះដែរ កត្តាទាំងអស់នេះហើយជាបញ្ហាប្រឈមរបស់ពួកគាត់៕

To Top