ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទាក់ទងនឹងគម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ ត្រូវជ្រើសរើសក្រុមហ៊ុនមកស្ថាបនា ដោយផ្អែកលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពោលគឺជាក្រុមហ៊ុន មានបច្ចេកទេសវិទ្យាទំនើប។
នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដឹកនាំដោយ លោកអគ្គនាយក HATAEDA Mikio នាថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីបច្ចុប្បន្នភាពទាក់ទងនឹងគម្រោងពង្រីកកំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ជំហានទី១ ជំហានទី២ និងជំហានទី៣ ដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ៥ ដែលជាផ្លូវឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជាជាផ្នែកមួយរបស់ផ្លូវអាស៊ានហាយវេលេខ១ តភ្ជាប់ប្រទេសថៃមកកម្ពុជាទៅវៀតណាមតាមផ្លូវជាតិលេខ១ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន បង្ហាញពន្លឺដែលអាចឈានដល់ការបើកច្រកនេះជាបណ្តោះអាសន្នរវាងភាគីថៃ និងភាគីកម្ពុជា ក្នុងពេលឆាប់ៗនេះ និងចំណុចឯកភាពតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមជាមួយនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យក្រុមហ៊ុនឯកជនធ្វើការសិក្សាកន្លងមក។
ទាក់ទងនឹងគម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ក្រុមហ៊ុនដែលត្រូវចូលរួមក្នុងការស្ថាបនា និងពង្រីកកំពង់ផែនេះតាមជំហានជាបន្តបន្ទាប់ ត្រូវជ្រើសរើសដោយផ្អែកលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពោលគឺជាក្រុមហ៊ុនមានបច្ចេកទេសវិទ្យាទំនើប ប្រសិទ្ធភាព ផលិតភាព និងសុវត្ថិភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាធានាបាននូវការអនុវត្តត្រឹមត្រូវតាមនីតិវិធីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)”។
លោក បន្ដថា គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ ជំហានទី២ និងជំនាញទី៣ ក្រសួងនឹងពិនិត្យមើលលទ្ធភាពនៃកសាងផ្លូវតភ្ជាប់រវាងកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដើម្បកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់នៅលើកំណាត់ផ្លូវជាតិលេខ៤នាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារJICA ដែលបានផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) រហូតសម្រេចបានជោគជ័យតាមការគ្រោងទុក និងបានជម្រាបជូនផងដែរថា៖ ប្រព័ន្ធនេះគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ចូល-ចេញ ឆ្លងកាត់ កាត់បន្ថយទម្រង់ឯកសារក្រដាសស្នាម ផ្លាស់ប្តូរពីរបៀបធ្វើការដោយដៃមកធ្វើការលើប្រព័ន្ធវិញ មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព។
ជាមួយគ្នានោះដែរ លោក HATAEDA Mikio បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជួយសម្របសម្រួលដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ថនានារបស់ជប៉ុនកន្លងមកឱ្យសម្រេចបានជោគជ័យ និងបានបង្ហាញពីបំណងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតបន្ថែមរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត៕