ព័ត៌មានជាតិ

កម្ពុជា នៅតែមានឆន្ទៈប្រឆាំង ការជួញដូរមនុស្ស ទោះបីអាមេរិក ដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កម្ពុជា នៅតែមានឆន្ទៈ និងបន្តធ្វើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយបន្ដជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ទោះបីអាមេរិក ដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ។

ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះ ក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ នៅឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងអំពើឆបោកទង់ក្រហម (Red Flags Scam Operations) ការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដែលកំពុងមានការកើនឡើង ក៏ដូចជាការរំលោភបំពានផ្សេងទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ក្នុងស្រុកអង្គស្នួល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ មានន័យថា រាជរដ្ឋាភិបាលកម្ពុជា គ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ខ្ញុំក៏បារម្ភ ឬក៏ថាមានការភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង»។

សម្ដេចក្រឡាហោម បន្តថា«ខ្ញុំមានការបារម្ភលើលក្ខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា។ យើងនិយាយតាមរបៀបសាមញ្ញថាអ្នកមកជួយខ្ញុំ ដើម្បីជួយឱ្យខ្ញុំឈ្នះ តែបើខ្ញុំចាញ់ មានន័យថាអ្នកឯងក៏ចាញ់ដែរ មិនមែនចាញ់តែខ្ញុំទេ។ មកជួយឱ្យល្អ តែបើធ្វើមិនបានល្អ អាហ្នឹងអ្នកឯងក៏អាក្រក់ដែរ។ ថាអ៊ីចឹងទៅចុះ។ ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ»។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញ គឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយ ដើម្បីដោះស្រាយ៕

To Top