ព័ត៌មានជាតិ

អភិបាលរងរាជធានី អះអាងថាពលរដ្ឋមិនអស់ថវិកា ចំណាយក្រៅផ្លូវការទៀតនោះទេ នៅពេលច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ត្រូវបានបង្កើតឡើង (Video)

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ដែលអាចផ្តល់សេវាសាធារណៈ កាន់តែខិតជិតដល់ប្រជាពលរដ្ឋ និងបានអះអាងថា ប្រជាពលរដ្ឋដែលទៅស្វែងរក សេវាសាធារណៈ នៅតាមច្រកចេញចូលតែមួយ នៅសង្កាត់ទាំង១០៥នោះ នឹងមិនអស់ថវិកា ចំណាយក្រៅផ្លូវការទៀតនោះទេ ។

ការលើកឡើងខាងលើនេះ ក្នុងឱកាសដែលលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមជាអធិបតី ពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុន ខេមបេស្ទេត មេនេចម៉ិន ខូអិលធីឌី” នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ នាអាគារ ដឺព្រេមៀ សេនធ័រ សែនសុខ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងក្នុងពិធីថា “នៅពេលខាងមុខនេះ យើងខ្ញុំចាប់ផ្តើមប្រជុំ តាមការចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃ គឺបង្កើតច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ។ អញ្ចឹងច្រកចេញចូលតែមួយ នៅសង្កាត់ បើបងប្អូនត្រូវការសេវានៅសង្កាត់ នៅសង្កាត់នោះត្រូវតែមានមនុស្សប្រចាំការ ហើយទៅដល់នោះគ្មានថវិកាណាផ្សេង ជាថវិកាក្រៅផ្លូវការអ្វីនោះទេ ដោយសារតែជាច្រកចេញចូលតែមួយ ហើយឯកឧត្តម ឃួង ស្រេង បានឲ្យបំពាក់កាមេរ៉ាសុវត្ថិភាព ដែលអាចថតសំឡេងបាន នៅកន្លែងផ្តល់សេវាគ្រប់សង្កាត់ទាំង១០៥” ។

លោកអភិបាលរងបានបញ្ជាក់ទៀតថា “អញ្ចឹងហើយយើងខ្ញុំកែទម្រង តាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង សង្កាត់ទាំងអស់ត្រូវបន្តឥរិយាបទពេញលេញ ផ្តល់សេវាជូនប្រជាពលរដ្ឋ ស្រប់តាមគោលការណ៍ច្បាប់ ហើយបំពាក់កាមេរ៉ា ដែលអាចថតសំឡេងបាន និងថតរូបភាព បើធ្វើផ្តេសផ្តាស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់” ។

លោកអភិបាលរងបានបញ្ជាក់ទៀតថា “នៅចុងឆ្នាំនេះ នឹងធ្វើឲ្យបានគ្រប់១០៥សង្កាត់ មានន័យថា ឥឡូវយើងដកបទពិសោធន៍ ១៤សង្កាត់ គឺផ្តល់សេវាធ្វើអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋនៅសង្កាត់ អញ្ចឹងបើ១៤សង្កាត់នេះជោគជ័យ យើងនឹងពង្រីកឲ្យគ្រប់១០៥សង្កាត់ ដើម្បីឲ្យសេវានឹងកាន់តែគៀកប្រជាជន” ។

គួរឲ្យដឹងថា តាមការលើកឡើង របស់លោក កើត ឆែ អភិបាលរងបែបនេះ បានបង្ហាញថា រដ្ឋបាលរាជធានីភ្នំពេញ បានពង្រីកវិសាលភាពរបស់ខ្លួន ជុំវិញការបម្រើសេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ ឲ្យកាន់តែគៀកបន្ថែមទៀត ពោលច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥នេះ នឹងបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋ ដោយច្រកចេញចូលតែមួយនឹងធ្វើការរៀងរាល់ថ្ងៃ និងឈានទៅលុបបំបាត់ ការប្រើប្រាស់ថវិកាក្រៅផ្លូវការ (សូកប៉ាន់) លើការធ្វើឯកសារសាធារណៈណាមួយ ដោយរដ្ឋបាលរាជធានីភ្នំពេញ តាមការបញ្ជាក់របស់ លោក កើត ឆែ បានបញ្ជាក់ហើយថា គ្រប់ទីតាំងធ្វើការនៅច្រកចេញចូលតែមួយ សុទ្ធតែបំពាក់កាមេរ៉ាថតសកម្មភាព និងសំឡេងទៀតផង៕

To Top