ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ ប្រកាសរកឃើញ មនុស្ស៥នាក់ ប៉ះពាល់ជាមួយបុរសជនជាតិ នីហ្សេរីយ៉ា កើតជំងឺអុតស្វា 

ភ្នំពេញ​ ៖​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា​ គិតត្រឹមល្ងាច ថ្ងៃទី២៤ ខែកក្កដា​ រកឃើញអ្នកពាក់ព័ន្ធចំនួន​ ៥នាក់ហើយ បានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា។

តាមរយ:សារតេឡេក្រាម​ នាល្ងាចថ្ងៃទី២៤​ កក្កដា​ នេះលោកស្រី ឱ វណ្ណឌីន​ បានបញ្ជាក់ថា​ “ព័ត៌មានបច្ចុប្បន្នភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ា៖​ គិតត្រឹមម៉ោង​ ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២២នេះ យេីងរកឃេីញអ្នកពាក់ព័ន្ធ​សរុបចំនួន ៥នាក់ហេីយ​ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់”។ 

លោកស្រី​ បានបន្ដថា​ ពួកគាត់ទាំង​ ៥នាក់នេះ​ មិនទាន់បង្ហាញសញ្ញាណាមួយ​ ដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ​ ទោះជាយ៉ាងណា​ ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក​នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន​ ហេីយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ​ប្រសិនបេីមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមេីលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។​

សូមរំលឹកថា​ បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​ ហេីយត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕

To Top