ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ណែនាំ ឲ្យមន្ត្រីចេះសាមគ្គីយោគយល់ គ្នា សហការគ្នាឲ្យបានល្អ ក្នុងកិច្ចការបម្រើ ប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន​ ចាន់ដា​ បានថ្លែងណែនាំដល់មន្ត្រី ឲ្យត្រូវ​ចេះ​អោប​ក្រសោប​ អប់រំ​ណែនាំ​គ្នា ចេះសាមគ្គីយោគយល់គ្នា សហការគ្នាឲ្យបានល្អ ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅថ្ងៃទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើសេចក្ដីណែនាំលេខ​ ១៦៩/២២ ស្ដីពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក​ នៅ​សាលា​ខេត្តកំពង់ចាម​ ។

លោក អ៊ុន​ ចាន់ដា​ បានបន្តថា​ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានផ្ដល់នូវក្របខ័ណ្ឌគតិយុត្តឲ្យ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលជានីតិបុគ្គលសាធារណៈត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាល ឯកភាព ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។​ អនុលោមតាមគោលការណ៍នេះ តម្រូវឲ្យមានការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលក្នុងនោះ ការរៀបចំឡើងវិញនូវ ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់។

ជាមួយគ្នានោះ​ លោកអភិបាលខេត្ត​ ក៏បាន​ស្នេីដល់​អង្គភាព​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ក្រុង​ ស្រុក​ ត្រូវ​ខិតខំ​អនុវត្ត​មុខងារ​វិស័យមុខងារឲ្យ​មាន​ប្រសិទ្ធិភាព​ និងទទួលបានជោគជ័យ​ ឲ្យ​សាកសម​ទៅនឹង​ការ​ប្រតិភូកម្ម​មុខងារ​ពី​ថ្នាក់ជាតិ​ មក​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​​​ ជាពិសេសត្រូវបណ្តុះបណ្តាលមន្ត្រីឲ្យមានចំណេះ ជំនាញច្បាស់លាស់ ក្នុងន័យអនុវត្តការងារជំនាញនៅតាមអង្គភាពរបស់ខ្លួនបានល្អ ហើយមន្ត្រីរាជការត្រូវ ចងចាំពីលក្ខណៈសម្បត្តិស្នូលទាំង៤​ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាវៈ និនិងវប្បធម៌សាវាសាធាណៈ និងសូមឲ្យអនុវត្តនូវសេចក្តីណែនាំលេខ ១៦៩/២២ មសសណន ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២​ របស់ក្រសួងមុខងារសាធារណៈ ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការ គ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក ឱ្យបានខ្ជាប់ខ្ជួន និងបានល្អប្រសើរ​ផងដែរ​ ៕

To Top