ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន ស្ត្រីសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់ការសាកសួរចម្លើយ ជាប់ពាក់ព័ន្ធនឹង រក្សាទុកនិង ជួញដូរគ្រឿងញៀនចំនួន ជាង ៥២ គីឡូក្រាម ប្រព្រឹត្ត នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ ។
យោងតាមដីកា បានឱ្យដឹងថា ស្រ្តីត្រូវចោទរូបនេះ មានឈ្មោះ ឆន សុខា អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។
ស្រ្តីត្រូវចោទ ឈ្មោះ ឆន សុខា ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ និង ប្រឈមនឹងការជាប់គុក អស់មួយជីវិត។
ស្រ្តីត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥២ គីឡូ ៦០៨.៤៦ក្រាម ពីគាត់៕ ដោយ: លីហ្សា