ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២នេះ តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀនជនជាតិវៀតណាម ចំនួន ២នាក់ និង បុរសខ្មែរ ជាប់គុក ម្នាក់ៗ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជាង ២ គីឡូក្រាម ប្រព្រឹត្ត នៅ ចំណុចមហាវិថីព្រះសីហនុមុខវត្តមហាមន្ត្រី សង្កាត់អូឡាំពិកទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ខែ សីហា ឆ្នាំ ២០១៧ ។
លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្ដាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឱ្យដឹងថា: ទណ្ឌិតទាំង ៣ នាក់ ខាងលើនេះ មានឈ្មោះទី១-.ឈ្មោះ ង្វៀង ធីធី ភេទស្រី អាយុ ៤៧ ឆ្នាំ ជនជាតិវៀតណាម ។ ទី២- ឈ្មោះ ង្វៀង ហ្វិងគៀង ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិវៀតណាម ។ និង ទី៣- ឈ្មោះ យូ សូរីយ៉ា ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ជាអតីតមន្ត្រីយោធា។
ទណ្ឌិតទាំង៣នាក់ ត្រូវជាប់ចោទពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ នៅសង្កាត់អូឡាំពិកទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសគ្រឿងញៀន ប្រភេទ ហេរ៉ូអ៉ីន ចំនួន សរុប ២.១១៩,៦៤ ក្រាម (ជាង២គីឡូក្រាម) ៕ ដោយ: លីហ្សា