ព័ត៌មានជាតិ

សមាជិកបក្ស កុម្មុយនីស្តវៀតណាម ស្នើប្រធានរដ្ឋសភាកម្ពុជា បង្កលក្ខណៈងាយស្រួល ដល់ប្រតិបត្តិការ រវាងសមាជិក សភាទាំង២

ភ្នំពេញ ៖ សមាជិកបក្សកុម្មុយនីសវៀតណាម បានស្នើដល់ប្រធានរដ្ឋសភាកម្ពុជា បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាម នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត ។

ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេច ហេង សំរិន និងលោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ។

លោកស្រីបានលើកឡើងថា រដ្ឋសភាវៀតណាមមានសមាជិកចំនួន៤៩៩នាក់ ក្នុងនោះនារី ចំនួន១៥១នាក់ ដែលស្មើប្រមាណជាង៣០%។ លោកស្រីក៏បានគោរពស្នើសម្តេច ហេង សំរិន បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាម នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។

ចំពោះសម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា វត្តមានស្រ្តី នៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើកកម្ពស់ សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយ ដ៏សំខាន់របស់សកលលោក បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ ។ វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការ សង្គម នយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកថែរក្សា សន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម ។

ឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការ អនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឲ្យបានកាន់តែល្អថែមទៀត ៕

To Top