ព័ត៌មានជាតិ

ADB និង DE HEUS ចុះហត្ថលេខា លើកិច្ចព្រមព្រៀង គាំទ្រខ្សែសង្វាក់ ផ្គត់ផ្គង់កសិកម្ម ១៥លានដុល្លារ នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើ ប្រាក់កម្ចី ចំនួន ១៥ លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ។

សេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅមុននេះបន្តិច ឱ្យដឹងថាការពង្រីកទំហំឃ្លាំង និង លទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណី ប្រកបដោយប្រសិទ្ធផល។ គម្រោងនេះនឹងអនុញ្ញាត ឱ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើម បានកាន់តែច្រើនពីម្ចាស់កសិដ្ឋាន ខ្នាតតូចក្នុងស្រុក នៃដំណាំ ពោត ស្រូវ ដំឡូងមី ក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់របស់ខ្លួន តាមរយៈការបង្កលក្ខណៈ ដល់ការផ្គត់ផ្គង់ផលិតចំណីប្រកបដោយគុណភាព សម្រាប់កសិករចិញ្ចឹមបសុសត្វ និង ត្រី។ ជាមួយការ វិនិយោគនានាលើឃ្លាំងផ្ទុក ផលិតផលពោតគម្រោងនេះ ក៏គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្ងួតអាចរក្សាទុក បានកាន់តែយូរ និងកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីអាកាសធាតុ។

 លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានមានប្រសាសន៍ថា “តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែសង្វាក់តម្លៃចំណី ធ្វើអោយប្រសើរឡើងនូវ ជីវភាពរស់នៅរបស់កសិករដំណាំចំណី បសុសត្វ និង ត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាន និរន្តរភាព និង ភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វ ដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និង តម្លៃ សមរម្យ គឺជាកត្តាសំខាន់ ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និង កាត់បន្ថយការពឹង ផ្អែកលើ ការនាំចូលចំណី សត្វ”។

លោក Gabor Fluit នាយកប្រតិបត្តិ De Heus នៅអាស៊ីបានមានប្រសាសន៍ថា “De Heus TMH ប្តេជ្ញាផ្តល់អំណាច ដល់កសិករឯករាជ្យនៅកម្ពុជា។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ ADB រួមជាមួយនឹងការផ្តោតការយកចិត្តទុកដាក់របស់យើង លើការបណ្តុះបណ្តាល និង ការចែករំលែក ចំណេះដឹងជាមួយនឹងបាវចនា ‘ចំណេះដឹងសកល-ផលជះក្នុងតំបន់’ នឹងគាំទ្រ និង ពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីន សម្រាប់សត្វនៅកម្ពុជា”។

ជំនួយបច្ចេកទេសមួយ នឹងគាំទ្រដល់ការបណ្តុះបណ្តាល សម្រាប់កសិករដាំពោតចំនួន ២.000 នាក់ និងកសិករចិញ្ចឹមមាន់ចំនួន ២.000 នាក់ ដែលភាគច្រើនជាស្ត្រី អំពីការអនុវត្តធ្វើឱ្យកសិដ្ឋានធន់នឹងអាកាសធាតុ ព្រមទាំងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការគាំទ្រកសិករជាស្រ្តី នឹងជួយពង្រឹងមុខកាងាររបស់ពួកគាត់ នៅក្នុងកសិដ្ឋាន និង ជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ផងដែរ។

ប្រតិបត្តិការនេះ នឹងគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ១៣ (Asian Development Fund 13) Private Sector Window (PSW) តាមរយៈដំណោះស្រាយការធានាដោយផ្នែក (partial guarantee solution)។ PSW គាំទ្រដល់ការអភិវឌ្ឍនវិស័យឯកជន នៅក្នុងទីផ្សារកំពុងអភិវឌ្ឍ ដោយផ្តល់ធនធាន សម្រាប់ហិរញ្ញប្បទាន ដល់ផលិតផលហិរញ្ញវត្ថុដែលដោះស្រាយ និង កាត់បន្ថយឧបសគ្គ ទទួលបាន ហិរញ្ញប្បទានទូទៅ ដែលរារាំងប្រតិបត្តិការ ក្នុងវិស័យឯកជនជាច្រើន។

DH-TMH គឺជាអ្នកផលិតចំណីសត្វធំជាងគេមួយ នៅក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាព ផលិតចំណីសត្វ ១៨០.000 តោន។ DH-TMH គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង De Heus នៃប្រទេស ហូឡង់ (ដែលជាអ្នកផ្គត់ផ្គង់ ចំណីសត្វគ្រប់គ្រង ដោយគ្រួសារលំដាប់ពិភពលោក ហើយបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន តាំងពីឆ្នាំ១៩១១) និងក្រុមហ៊ុន TMH Company Limited នៅប្រទេសកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះ គ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

To Top