ព័ត៌មានជាតិ

មេបញ្ជាការវរសេនាធំ ប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន បំពេញទស្សនកិច្ច កងពលតូចលេខ៧០

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០  ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជេីញរបស់ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង ដែលបានមកបំពេញទស្សនកិច្ច នៅកងពលតូចលេខ៧០។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីក ប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។

ជាការឆ្លេីយតប លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានថ្លែងអំណរគុណ ចំពោះលោកមេបញ្ជាការ កងពលដែលបានទទួលលោក និងសហការី យ៉ាកក់ក្តៅព្រមទាំងបានលើកបង្ហាញ ពីចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំទ្វេដង៕

To Top