នយោបាយ

លោក សុខ ឥសាន៖ ការចងសម្ព័ន្ធភាព នយោបាយ២០២៣ មិនអាចយកឈ្នះបានទេ (Video)

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានប្រកាសពីសំណើចងសម្ព័ន្ធភាព នយោបាយ ២០២៣ ជាមួយបក្សផ្សេងទៀត ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ ជាពិសេស ដើម្បីឈានទៅកាត់បន្ថយ អំណាចគណបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាមិនអាចយកឈ្នះបានទេ ។

ការមិនអាចយកឈ្នះបាននេះដោយសារ លោកថាបញ្ជាក់ថា “សម្ព័ន្ធភាពគណបក្សចាញ់ឆ្នោត មិនអាចយកឈ្នះបានទេ ព្រោះសមាសភាពបក្សដែលចងសម្ព័ន្ធភាព សុទ្ធតែអ្នកគ្មានគុណសម្បត្តិ និងជាអ្នកចាញ់” ។ នេះជាការលើកឡើងរបស់លោក តាមបណ្តាញតេឡេក្រាមនាថ្ងៃ២៧ កក្កដា ។

លោកបន្ថែមថា ពួកគេយល់ឃើញថា មានសង្ឃឹមនិងឈ្នះ ទើបរួមគ្នាបង្កើតសម្ព័ន្ធភាព តែសំឡេងឆ្នោតអាស្រ័យលើឆន្ទៈប្រជាជន និងគុណសម្បត្តិរបស់សម្ព័ន្ធភាពនោះ មិនស្ថិតលើក្តីសង្ឃឹមទេ ។

កាលពីថ្ងៃ ២៦ កក្កដា ថ្នាក់ដឹកនាំ គ ប ម បានរៀបចំសន្និសីទកាសែត ស្តីពី សំណើចងសម្ព័ន្ធភាពនយោបាយ២០២៣ ។ គណបក្សដែលប្រកាសចងសម្ព័ន្ធនោះរួមមាន ៖ គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

បើតាមលោក សាម អ៊ីន អគ្គលេខាធិការបក្ស គ ប ម លើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃ២៧ កក្កដាថា ដំណើរចងសម្ព័ន្ធនេះ ដើម្បីឈានទៅកាត់បន្ថយអំណាច CPP នៅក្នុងរដ្ឋសភាកុំឲ្យជិះសេះលែងដៃ។

លោកថា “សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ បើអ្នកស្រឡាញ់សេរីភាព​ និងប្រជាធិបតេយ្យមិនអាចធ្វើការ ជាមួយគ្នាបានទេនោះ គណបក្សប្រជាជន នឹងបានសំឡេងគាំទ្រ ក្នុងសភាជាតិលើសពី ២/៣ (ចាប់ពី ៨៣ អាសនៈ) ដោយងាយស្រួលដែលធ្វើឲ្យ CPP បន្តជិះសេះលែងដៃ ក្នុងការធ្វើច្បាប់ និងកែប្រែរដ្ឋធម្មនុញ្ញ ស្រេចនឹងចិត្តចង់” ៕

To Top