ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត សម្រេចបោះទុនវិនិយោគចំនួន ១៤,៣លានដុល្លារ បង្កើតរោងចក្រផលិតខ្សែក្រវាត់ កាបូបគ្រប់ប្រភេទ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ព្រមទាំងអាចបង្កើតឱកាសការងារជិត ៤ពាន់កន្លែង ។
យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ កក្កដានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង ។
២. BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.២៣៦កន្លែង ៕