ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួបពិភាក្សាការងារជាមួយ មេបញ្ជាការវរសេនាធំ ប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០  ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជេីញជួបពិភាក្សាការងារលម្អិត ពាក់ព័ន្ធផែនការហ្វឹកហ្វឺនជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំ ប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០។

ជំនួបពិភាក្សាការងារ ប្រកបដោយភាពស្និតស្នាលនេះ ដេីម្បីសិក្សាអំពីទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការហ្វឹកហ្វឺនជំនាញ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូន លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង អំពីសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០ សម្រេចបានផងដែរ។ ជាពិសេសដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕

To Top